លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា សមិទ្ធផល ក្នុងការអភិវឌ្ឍន៍សិទ្ធិមនុស្ស របស់កម្ពុជា គួរតែទទួលបានការគោរព ពីសហគមន៍អន្តរជាតិ។លោកថ្លែងបែបនេះ នៅពេលលោកបានជួបពិភាក្សាជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា កាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា នៅក្នុងជំនួបជាមួយលោក Thomas Andrews លោកបានលើកឡើងថា ក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុត ដែលអាយុសង្ឃឹមកើនឡើងពី៥៩ឆ្នាំក្នុងឆ្នាំ២០០០ដល់៧៦ឆ្នាំ។ សមិទ្ធផលក្នុងការអភិវឌ្ឍន៍សិទ្ធិមនុស្សរបស់កម្ពុជាគួរតែទទួលបានការគោរពពីសហគមន៍អន្តរជាតិ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារូបនេះ ជឿជាក់ថា ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ បព្វហេតុសិទ្ធិមនុស្សរបស់កម្ពុជានឹងមានការអភិវឌ្ឍកាន់តែកាន់តែធំធេង។លោក និងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស មានភាពរីករាយក្នុងការចូលរួមកិច្ចសន្ទនាសមភាពគ្នាជាមួយប្រទេសកម្ពុជាដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជំរុញភាពរីកចម្រើននៃសិទ្ធិមនុស្សនៅទូទាំងពិភពលោក។
សូមជម្រាប់ដែរថា ក្រោយទស្សនកិច្ចនៅតំបន់ព្រំដែនកម្ពុជា ពិសេសទស្សនកិច្ចនៅជំរុំជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Thomas Andrews ក៏បានបង្ហាញប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា ដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ។លោកថ្លែងបែបនេះ នៅក្នុងជំនួប ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦៕ អត្ថបទ៖ហ្សាលីន

