រដ្ឋសភាកម្ពុជា ជំរុញសភាសមាជិក អាយប៉ា ពង្រឹងការអនុម័តច្បាប់ និងគោលនយោបាយគាំទ្រការអភិវឌ្ឍបៃតង និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) លើកទី១៧ ដែលបាន ប្រព្រឹត្តទៅតាមប្រព័ន្ធនិម្មិត កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូរដ្ឋសភាកម្ពុជា បានអំពាវនាវដល់សភាសមាជិកអាយប៉ា បន្តពង្រឹងតួនាទីក្នុងការអនុម័តច្បាប់ ការត្រួតពិនិត្យថវិកាជាតិ និងការរៀបចំគោលនយោ បាយ ដើម្បីគាំទ្រការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការ ទិញលក់ឥណទានកាបូន ការវិនិ យោគលើថាមពលស្អាត និងការការពារធនធានធម្មជាតិប្រកប ដោយការទទួលខុសត្រូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចពិភាក្សាលើប្រធានបទ «អាស៊ាន និងការប្រែប្រួលអាកាសធាតុ៖ ការរួមចំណែករបស់អាយប៉ា ក្នុងការការពារ អនាគតរបស់ប្រជាជន» លោក កែវ ពិសិដ្ឋ បានសង្កត់ធ្ងន់ថា សភាមានតួនាទីសំខាន់ក្នុងការជំរុញ និងតាមដានការអនុវត្តច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាថា ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតងមានភាពត្រឹមត្រូវ បរិយាបន្ន និងមិនទុកនរណាម្នាក់ឱ្យនៅពីក្រោយ។

លោកលើកឡើងថាកម្ពុជា បានចាត់ទុកអភិបាលកិច្ចអាកាសធាតុជាអាទិភាពសំខាន់មួយ សម្រាប់ការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងន័យនេះ កម្ពុជាបានអនុម័តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ព្រមទាំងដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកប ដោយអព្យាក្រឹតកាបូនស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាត ការគ្រប់ គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការកសាងសហគមន៍ដែលមានភាពធន់។

គួរបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានផ្តួចផ្តើមក្នុងការរៀបចំសន្និសីទសភាជាតិស្តីពីអភិបាលកិច្ចអាកាសធាតុ កាលពីខែឧសភា ឆ្នាំ ២០២៦ ដែលបានផ្តល់វេទិកា ដល់សមាជិកសភា អ្នកជំនាញ និងភាគីពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកចំណេះដឹង សំដៅពង្រឹងតួនាទីសភាក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់ និងជំរុញប្រសិទ្ធភាពនៃការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ៕