រុស្ស៊ី បន្តដាក់ CEO របស់ក្រុមហ៊ុន Telegram លោក Pavel Durov ទៅក្នុងបញ្ជីឈ្មោះភារវករ

អន្តរជាតិ

អាជ្ញាធររបស់ប្រទេសរុស្ស៊ី បានបន្តដាក់លោក Pavel Durov ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telegram ទៅក្នុងបញ្ជីឈ្មោះភារវករ និងក្រុមជ្រុលនិយម បន្ទាប់ពីបានចេញដីកាចាប់ខ្លួនជាលក្ខណៈអន្តរជាតិមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការសម្រេចចិត្តចុងក្រោយនេះ ត្រូវបានធ្វើឡើង ដោយសេវាត្រួតពិនិត្យហិរញ្ញវត្ថុសហព័ន្ធ (Rosfinmonitoring) ដែលទទួលខុសត្រូវក្នុងការប្រមូល និងវិភាគព័ត៌មានប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅក្នុងប្រទេសរុស្ស៊ី។

យ៉ាងណាមិញ ចំពោះបុគ្គល និងអង្គការដែលមានឈ្មោះក្នុងបញ្ជីនេះនឹងត្រូវបានហាមឃាត់ដោយរុស្ស៊ីពីការទាក់ទងជាមួយប្រព័ន្ធផ្សព្វផ្សាយ ការបង្ហោះព័ត៌មាននៅលើអ៊ីនធឺណិត ការរៀបចំព្រឹត្តិការណ៍សាធារណៈ ការចូលរួមក្នុងការបោះឆ្នោត និងការចូលប្រើសេវាកម្មហិរញ្ញវត្ថុក្រៅពីការបង់ពន្ធ ការទទួលបានប្រាក់ខែ និងសំណង ជាដើម។

គួរឲ្យដឹងថា Rosfinmonitoring បានធ្វើការសម្រេចចិត្តនេះ ពោលគឺត្រឹមតែមួយថ្ងៃបន្ទាប់ពីសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានចេញដីកាចាប់ខ្លួនអន្តរជាតិសម្រាប់លោក Durov ពីបទជួយសម្រួល និងគាំទ្រលើសកម្មភាពភេរវកម្ម។

យោងតាម ​​​​FSB វេទិកា Telegram ដែលដំណើរការដោយលោក Durov បានបរាជ័យក្នុងការលុបខ្លឹមសារដែលប្រើប្រាស់ដោយសេវាពិសេសអ៊ុយក្រែន និងអង្គការភេរវកម្មនានា ដើម្បីអនុវត្តការវាយប្រហារ ភេរវកម្ម ការធ្វើឃាត និងការក្លែងបន្លំតាមអ៊ីនធឺណិតនៅក្នុងប្រទេសរុស្ស៊ី។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិ Telegram លោក Durov ដែលកើតនៅរុស្ស៊ី តែកាន់លិខិតឆ្លងដែនរបស់ប្រទេសអារ៉ាប់រួម និងបារាំង ហាក់នៅមិនទាន់បានចេញមុខធ្វើអត្ថាធិប្បាយណាមួយលើព័ត៌មាននេះនៅឡើយទេ៕​