ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នារៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវាត់បៃតងនៅតំបន់ទេសចរណ៍ និងពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម» ក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅទេសចរណ៍ដែលផ្តល់នូវអាហារស្រស់ៗ និងមានសុវត្ថិភាពពីចម្ការកសិករផ្ទាល់។

ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នៅសួនអាស៊ាន-កូរ៉េ (សួនក្រញ៉ូង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំងពីរប្រមាណ ៦០ រូប។
កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងក្រសួងទាំងពីរនេះ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្នុងគោលបំណងចម្បងគឺកាត់បន្ថយ «ការលេចធ្លាយសេដ្ឋកិច្ច (Economic Leakage)» ក្នុងវិស័យទេសចរណ៍ តាមរយៈការកាត់បន្ថយការនាំចូលបន្លែ ត្រី សាច់ និងអាហារពីបរទេស ហើយងាកមកពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុកវិញ។ យុទ្ធសាស្ត្រនេះនឹងជួយឱ្យលំហូរទឹកប្រាក់ពីវិស័យទេសចរណ៍បានធ្លាក់ទៅដល់ដៃកសិករក្នុងស្រុកដោយផ្ទាល់ និងពង្រឹងសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរឹងមាំ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរបានកំណត់នូវគោលបំណងយុទ្ធសាស្ត្រសំខាន់ៗចំនួនបួន រួមមានការបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តវិធានការបង្កើតខ្សែក្រវាត់បៃតង និងការផ្លាស់ប្តូរព័ត៌មានរវាងតម្រូវការរបស់អាជីវកម្មទេសចរណ៍ និងការផ្គត់ផ្គង់របស់កសិករឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ ក្រសួងទាំងពីរក៏នឹងរៀបចំផែនការសកម្មភាពជាក់ស្តែងដើម្បីជំរុញការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុកឱ្យអស់លទ្ធភាព ព្រមទាំងរួមគ្នាអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ និងកសិកម្មគឺជាសសរស្តម្ភសេដ្ឋកិច្ចដែលមិនអាចខ្វះគ្នាបាន ដោយការអភិវឌ្ឍកសិកម្មមិនត្រឹមតែជួយលើកកម្ពស់ជីវភាពកសិករ និងផ្តល់អាហារមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកស្ទួយអត្តសញ្ញាណម្ហូបអាហារខ្មែរទៅកាន់ពិភពលោកផងដែរ។ ឯកឧត្តមបានបន្ថែមថា កំណើនភ្ញៀវទេសចរនឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការបង្កើតទីផ្សារដ៏ធំទូលាយសម្រាប់ផលិតផលកសិកម្មខ្មែរ ដែលជាការបោះជំហានដ៏មានសារៈសំខាន់ ក្នុងការជំរុញឱ្យផលិតផលពីចម្ការកសិករទៅដល់តុអាហាររបស់ភ្ញៀវទេសចរប្រកបដោយមោទនភាព៕







