បណ្តាញសង្គម Truth Social កំពុងលក់សិទ្ធចូលមើលមុនគេនូវការបង្ហោះសាររបស់លោក ត្រាំ ដោយបង់ ១ សែនដុល្លារ/ខែ

អន្តរជាតិ

មូលនិធិវិនិយោគ Wall Street របស់សហរដ្ឋអាមេរិក អាចនឹងត្រូវចំណាយទឹកប្រាកប្រមាណ ១០០ ០០០ដុល្លារក្នុងមួយខែ ដើម្បីទទួលបានខ្លឹមសារនៃការបង្ហោះសាររបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅលើបណ្តាញសង្គម Truth Social មុនអ្នកប្រើប្រាស់ទូទៅ ពីរ ទៅបីមីលីវីនាទី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព៏ត៌មាន NBC កាលពីថ្ងៃទី២ ខែសីហា បានបង្ហាញថា ក្រុមហ៊ុន Trump Media & Technology Group (TMTG) ដែលជាមេរបស់ក្រុមហ៊ុនបណ្តាញសង្គម Truth Social បានដាក់ឲ្យដំណើរការសេវាកម្មថ្មីមួយដែលមានឈ្មោះថា Truth API។ សេវាកម្មនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាជីវកម្មហិរញ្ញវត្ថុធំៗ ទទួលបាននូវការជូនដំណឹងអំពីការបង្ហោះសារថ្មីៗ​ ពីប្រធានាធិបតីអាមេរិក និងគណនីរបស់បុគ្គលកំពូលៗផ្សេងទៀត នៅលើវេទីកានេះ បានមុនអ្នកប្រើប្រាស់ទូទៅ។

សេវាកម្មនេះត្រូវបានដាក់ឱ្យដំណើរការដោយក្រុមហ៊ុន TMTG ចំពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រើប្រាស់វេទិកា Truth Social នេះជាញឹកញាប់ដើម្បីបង្ហោះសេចក្តីថ្លែងការណ៍ផ្លូវការពាក់ព័ន្ធលើពន្ធ និងបញ្ហាយោធាជាដើម។ TMTG បានបញ្ជាក់ពីសេវាកម្មនេះថាជា “ព័ត៌មានផ្ទាល់ មានអាជ្ញាប័ណ្ណ និងពេលវេលាជាក់ស្តែងពីមនុស្សដែលមានឥទ្ធិពលបំផុតនៅក្នុងទីផ្សារនៅលើវេទិកាបណ្តាញសង្គម”។

នៅលើ Truth Social លោក ត្រាំ មានអ្នកតាមដានច្រើនជាងគេ រហូតដល់ ១៣ លាននាក់។ លោកតែងតែប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីបញ្ហាសកល និងគោលនយោបាយសេដ្ឋកិច្ច។ វិធីសាស្រ្តនេះគឺផ្ទុយស្រឡះពីប្រធានាធិបតីមុនៗ ដែលជាធម្មតាផ្សព្វផ្សាយព័ត៌មានតាមរយៈបណ្តាញផ្លូវការដូចជាការិយាល័យសារព័ត៌មាន និងគេហទំព័ររបស់សេតវិមានជាដើម។

គួរជម្រាបជូនថា លោក ត្រាំ បានប្រកាសចេញបណ្តាញសង្គម Truth Social នៅដើមឆ្នាំ២០២២ បន្ទាប់ពីត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ Twitter និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ចំពោះការញុះញង់ឲ្យមានការវាយប្រហារលើវិមាន Capitol ក្នុងឆ្នាំ២០២១៕​