ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចុះហត្ថលេខារួមគ្នា លើកិច្ចព្រម ព្រៀងឥណទានសម្បទានសម្រាប់ “កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច” ដែលមានទំហំហិរញ្ញប្បទានសរុបចំនួន ២៥០ លានដុល្លារអាម៉េរិក។នេះបើយោងសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សាយចេញនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦។

ពិធីចុះហត្ថលេខាលើទំហំហិរញ្ញប្បទានសរុបចំនួន ២៥០ លានដុល្លារនេះ បានធ្វើឡើងកាលថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦ ក្រោមវត្តមាន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉ាសមីន ស៊ីឌីភី នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា។ពិធីចុះហត្ថលេខានេះ ក៏មានការ អញ្ជើញចូលរួមពីឯកឧត្តម ចាង ទៀនហ្សាន (Nianshan Zhang) អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអា គ្នេយ៍ នៃ ADB ផងដែរ ។
“កម្មវិធី RISE” មានគោលបំណងគាំទ្រដល់ការអនុវត្ត “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹង សភាពការណ៍ពហុវិបត្តិ” ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹង ជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចនឹងផលប៉ះពាល់អវិជ្ជមានជាបន្តបន្ទាប់ ដែលបណ្តាលមកពីពហុវិបត្តិ និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសកល និងតំបន់ ។

“កម្មវិធី RISE” ផ្តោត លើសម្មិទ្ធិផលគន្លឹះចំនួន ៣ រួមមាន៖ ១. ការកាត់បន្ថយផលប៉ះពាល់ជាបណ្តោះអាសន្នពីការប្រែប្រួលខ្លាំងនៃថ្លៃ ប្រេងឥន្ធនៈលើសេដ្ឋកិច្ច ២. ការផ្តល់ជំនួយហិរញ្ញវត្ថុចំគោលដៅ និងការគាំទ្រសកម្មភាពកសិកម្មជូនគ្រួសារ ងាយរងគ្រោះ និង ៣. ការពន្លឿនអន្តរកាលបៃតង សំដៅពង្រឹងភាពធន់ និងភាពឆ្លើយតបចំពោះវិបត្តិថាមពលជា យថាហេតុនាពេលអនាគត ។ ការទទួលបានហិរញ្ញប្បទានសម្រាប់ “កម្មវិធី RISE” ក្រោមយន្តការ CSF នាពេលនេះ មិនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយទាន់ពេលវេលា ដើម្បីជួយ ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឱ្យឆ្លងផុតពីកាលៈទេសៈដ៏លំបាកនេះ និងរក្សាសន្ទុះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។
នៅក្នុងសេចក្តីប្រកាសនោះ លោកNianshan Zhang បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលក្នុងភាពជាម្ចាស់ និងកិច្ចខិតខំប្រឹង ប្រែងរក្សាស្ថិរភាពសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជនក្នុងកាលៈទេសៈដ៏លំបាកនេះ ដោយបានគិតគូរ និងដាក់ ចេញនូវវិធានការយ៉ាងឆាប់រហ័ស ដោះស្រាយបញ្ហាប្រឈម សំដៅកាត់បន្ថយផលប៉ះពាល់លើជីវភាពប្រជាជន និងសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពធន់ និងភាពឆ្លើយតបរបស់កម្ពុជា ចំពោះវិបត្តិថាមពលជាយថាហេតុនា ពេលអនាគត ។ ADB បន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា រួមគ្នាដោះស្រាយ បញ្ហាប្រឈមនានា ដើម្បីធានាបាននូវកិច្ចអភិវឌ្ឍន៍ប្រកបដោយ និងចីរភាព ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក៏បានស្នើ ADB បន្តផ្តល់ហិរញ្ញប្បទានសម្បទានដែល មានភាពបត់បែនខ្ពស់សម្រាប់កម្ពុជា ក្នុងដំណាក់កាលអន្តរកាល បន្ទាប់ពីការចាកចេញរបស់កម្ពុជាពីចំណាត់ ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ដើម្បីបន្តគាំទ្រដល់ការវិនិយោគលើវិស័យអាទិភាព និង រក្សាសន្ទុះនៃការអភិវឌ្ឍប្រកបដោយចីរភាព។
កម្ពុជា ជាប្រទេសសមាជិកទី ១ ដែលទទួលបានការគាំទ្រពី ADB លើ “កម្មវិធី RISE” នេះ, ដែលត្រូវបាន អនុម័តដោយក្រុមប្រឹក្សាភិបាល ADB កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឥណទានក្នុងថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦៕អត្ថបទ៖ហ្សាលីន

