Telegram ចេញមុខបញ្ជាក់ពីមូលហេតុបាត់ចេញពី Apple Store រយៈពេលខ្លី

អន្តរជាតិ

ក្រុមហ៊ុនផ្ញើសារធំបំផុតមួយរបស់ពិភពលោក Telegram បានចេញមុខបញ្ជាក់នៅថ្ងៃទី៤ ខែសីហានេះថា កម្មវិធីរបស់ខ្លួនត្រូវបានដកចេញពី App Store របស់ក្រុមហ៊ុន Apple រយៈពេលខ្លី បន្ទាប់ពីក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះ បានរាយការណ៍ថាមានអ្នកប្រើប្រាស់ម្នាក់បានចែករំលែកខ្លឹមសារនៃសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានការផ្អាកស្រដៀងគ្នានេះផងដែរ នៅក្នុងឆ្នាំ២០១៨ នៅពេលដែល Apple បានដក Telegram ចេញពី App Store របស់ខ្លួន ជាបណ្តោះអាសន្នសម្រាប់សម្ភារៈដែលស្ថាបនិកបង្កើតកម្មវិធី លោក Pavel Durov ហៅថាជា “ខ្លឹមសារមិនសមរម្យ” នៅពេលនោះ ប៉ុន្តែត្រូវបានស្ដារឡើងវិញបន្ទាប់ពី Telegram បានពង្រឹងការការពារ។

យ៉ាងណាមិញ អ្នកនាំពាក្យរបស់ Apple បានបញ្ជាក់ពីការដកចេញកម្មវិធី Telegram មួយរយៈខ្លីថ្មីៗនេះ ដោយនិយាយថា ការពិនិត្យឡើងវិញរបស់ខ្លួនបានរកឃើញខ្លឹមសារដែលមានការរំលោភលើគោលការណ៍ណែនាំដែលហាមឃាត់សម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ។

អ្នកនាំពាក្យដដែលនេះ បានបន្ថែមទៀតថា ៖”កម្មវិធីនេះត្រូវបានស្ដារឡើងវិញជាបន្តបន្ទាប់ បន្ទាប់ពីអ្នកអភិវឌ្ឍបានលុបចោលខ្លឹមសារចេញភ្លាមៗ និងហាមឃាត់អ្នកប្រើប្រាស់ដែលបានបង្ហោះវា”។

គួរជម្រាបជូនផងដែរថា Telegram ដែលមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាងមួយពាន់លាននាក់ បាននិយាយថា ខ្លួនមានគោលការណ៍មិនអត់ឱនចំពោះសម្ភារៈស្តីពីការរំលោភបំពានផ្លូវភេទកុមារ ដោយរារាំងក្រុម និងឆានែលជិត ៣៣៨ ០០០ ដែលជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពទាំងនេះ នៅឆ្នាំនេះ៕​