ឧកញ៉ា ងួន ម៉េងតិច តំណាងអ្នកឧកញ៉ា គិត ម៉េង ចូលរួមពិធីសម្ពោធ ស្ថានកុងស៊ុលកិត្តិយសស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា

ជុំវិញ​ឧកញ៉ា

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភា​ពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា​ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អមដោយ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយិការរង​ជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធ ស្ថានកុងស៊ុលកិត្តិយស​ស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុន គៀង រដ្ឋលេខាធិការក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ និង លោកជំទាវ E.A.S. Wijayanthi Edirisinghe ឯកអគ្គរដ្ឋទូតស្រីលង្គាប្រចាំកម្ពុជា នៅសណ្ឋាគារ Raffle Hotel Le Royal រាជធានីភ្នំពេញ។

ក្នុងឱកាសនោះផងដែរ លោក ពីលី វង់ ត្រូវបានប្រកាសជាផ្លូវការតែងតាំងជា អគ្គកុងស៊ុលកិត្តិយសរបស់ស្រីលង្កា​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា។

សភា​ពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា ការបើកដំណើរការស្ថានកុងស៊ុលកិត្តិយសស្រីលង្កានៅកម្ពុជា​នេះ មានគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងការទូត សេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ​ការតែងតាំងអគ្គកុងស៊ុលកិត្តិយសថ្មីនាពេលនេះ ក៏នឹងដើរតួនាទីជាស្ពានភ្ជាប់ដ៏សំខាន់ក្នុងការជម្រុញ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងផ្តល់សេវាកុងស៊ុលចាំបាច់​ដល់ពលរដ្ឋស្រីលង្កាដែលរស់នៅ ឬធ្វើដំណើរមកកម្ពុជា។

សូមជម្រាបថា ការបើកដំណើរការស្ថានកុងស៊ុលកិត្តិយសនេះ គឺជាជំហានថ្មីមួយ នៃកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ ដែលឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្តរួមគ្នា ក្នុងការកសាងអនាគតប្រកបដោយវិបុលភាព​សម្រាប់​ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។