(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អមដោយ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយិការរងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធ ស្ថានកុងស៊ុលកិត្តិយសស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ពិធីសម្ពោធនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុន គៀង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវ E.A.S. Wijayanthi Edirisinghe ឯកអគ្គរដ្ឋទូតស្រីលង្គាប្រចាំកម្ពុជា នៅសណ្ឋាគារ Raffle Hotel Le Royal រាជធានីភ្នំពេញ។
ក្នុងឱកាសនោះផងដែរ លោក ពីលី វង់ ត្រូវបានប្រកាសជាផ្លូវការតែងតាំងជា អគ្គកុងស៊ុលកិត្តិយសរបស់ស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជា។
សភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា ការបើកដំណើរការស្ថានកុងស៊ុលកិត្តិយសស្រីលង្កានៅកម្ពុជានេះ មានគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងការទូត សេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះការតែងតាំងអគ្គកុងស៊ុលកិត្តិយសថ្មីនាពេលនេះ ក៏នឹងដើរតួនាទីជាស្ពានភ្ជាប់ដ៏សំខាន់ក្នុងការជម្រុញ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងផ្តល់សេវាកុងស៊ុលចាំបាច់ដល់ពលរដ្ឋស្រីលង្កាដែលរស់នៅ ឬធ្វើដំណើរមកកម្ពុជា។
សូមជម្រាបថា ការបើកដំណើរការស្ថានកុងស៊ុលកិត្តិយសនេះ គឺជាជំហានថ្មីមួយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្តរួមគ្នា ក្នុងការកសាងអនាគតប្រកបដោយវិបុលភាពសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។










