កាលពីពេលថ្មីៗនេះ លោក Demis Hassabis ប្រធានផ្នែក AI របស់ក្រុមហ៊ុន Google បានប្រកាសថានឹងចុះចេញពីតំណែងបច្ចុប្បន្នរបស់ខ្លួន ដើម្បីក្លាយជាប្រធានអ្នកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុនមេ Alphabet វិញ អំឡុងពេលមានការរៀបចំឡើងវិញនៅក្នុងមន្ទីរពិសោធ DeepMind ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Hassabis នឹងទទួលបានតំណែងថ្មីពីរ ដែលក្រុមហ៊ុន Alphabet បានប្រកាសកាលពីសប្តាហ៍មុន ដោយមួយគឺជាប្រធានមន្ទីរពិសោធ DeepMind និងមួយទៀតជាប្រធានអ្នកវិទ្យាសាស្ត្ររបស់ Alphabet ផ្ទាល់។
យ៉ាងណាមិញ ជាផ្នែកមួយនៃការផ្លាស់ប្តូរនេះ ប្រធានផ្នែកបច្ចេកវិទ្យា និងជាប្រធានស្ថាបត្យករ AI របស់ DeepMind លោក Koray Kavukcuoglu នឹងក្លាយជាអនុប្រធានជាន់ខ្ពស់របស់ផ្នែក AI និងត្រួតពិនិត្យប្រតិបត្តិការ រួមទាំងការអភិវឌ្ឍម៉ូដែល AI របស់ Google ដែលត្រូវបានគេស្គាល់ថាជា Gemini ជំនួសវិញ។
គួរឲ្យដឹងផងដែរថា លោក Hassabis បានសហការបង្កើតមន្ទីរពិសោធ DeepMind ក្នុងឆ្នាំ២០១០ ហើយបួនឆ្នាំក្រោយមក Google បានទិញយកនៅក្នុងតម្លៃ ៦៥០លានដុល្លារ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយនៅពេលនោះ។ ខណៈលោក Mustafa Suleyman ដែលជាសហស្ថាបនិក DeepMind ផងដែរនោះ បច្ចុប្បន្នជាប្រធានផ្នែក AI របស់ក្រុមហ៊ុនដៃគូប្រជែង Microsoft។
ជម្រាបជូនថា ជុំវិញការរុះរើទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើង ចំពេលក្រុមហ៊ុន Google កំពុងប្រកួតប្រជែងដណ្តើមអតិថិជនជាមួយអ្នកអភិវឌ្ឍ AI ធំៗផ្សេងទៀត រួមមាន Microsoft, OpenAI, Anthropic និង Meta ក៏ដូចជា DeepSeek និង Moonshot នៅក្នុងប្រទេសចិន ផងដែរ៕

