តុលាការរដ្ឋ New Mexico សហរដ្ឋអាមេរិក បានបញ្ជាឲ្យក្រុមហ៊ុន Meta បង់ទឹកប្រាក់ចំនួន ៥៦៧លានដុល្លារ និងផ្លាស់ប្តូររបៀបដែលវេទិការបស់ខ្លួនដំណើរការសម្រាប់អ្នកប្រើប្រាស់វ័យក្មេងនៅក្នុងរដ្ឋ បន្ទាប់ពីបានរកឃើញថាក្រុមហ៊ុននេះ បានធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កុមារជាច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ចៅក្រម Bryan Biedscheid ប្រចាំនៅទីក្រុង Santa Fe បានសម្រេចកាលពីថ្ងៃទី៦ ខែសីហាថាក្រុមហ៊ុន Meta បានបង្កើតការរំខានជាសាធារណៈនៅក្នុងរដ្ឋ New Mexico ហើយចំណាត់ការនេះ ទទួលបានការគាំទ្រដោយលោក Raul Torrez អគ្គរដ្ឋអាជ្ញានៃរដ្ឋ New Mexico របស់បក្សប្រជាធិបតេយ្យ។
លោក Torrez បានចោទប្រកាន់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនេះថាបានរចនាកម្មវិធីរបស់ខ្លួនដើម្បីធ្វើឲ្យអ្នកប្រើប្រាស់វ័យក្មេងញៀន និងបរាជ័យក្នុងការការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទនៅលើវេទិការបស់ខ្លួន។
ទន្ទឹមនឹងនេះ លោក Biedscheid ក៏បានបញ្ជាឱ្យក្រុមហ៊ុន Meta ដាក់ចេញនូវវិធានការសុវត្ថិភាពយុវជនជាច្រើន រួមទាំងការកំណត់ប្រចាំខែលើការប្រើប្រាស់ Facebook និង Instagram របស់ក្មេងជំទង់ ការរឹតបន្តឹងលើការជូនដំណឹង ការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើការទាក់ទងរបស់មនុស្សពេញវ័យជាមួយអនីតិជនផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Meta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ ហើយបន្ថែមទៀតថាក្រុមហ៊ុនខ្លួនបានខិតខំកំណត់អត្តសញ្ញាណ និងលុបខ្លឹមសារដែលបង្កគ្រោះថ្នាក់ចេញពីវេទិការបស់ខ្លួនរួចរាល់ហើយ៕

