Meta ត្រូវបញ្ជាឲ្យបង់លុយជាង ៥០០លានដុល្លារ នៅអាមេរិក ជុំវិញការធ្វើឲ្យកុមារមានបញ្ហាសុខភាពផ្លូវចិត្ត

អន្តរជាតិ

តុលាការរដ្ឋ New Mexico សហរដ្ឋអាមេរិក បានបញ្ជាឲ្យក្រុមហ៊ុន Meta បង់ទឹកប្រាក់ចំនួន ៥៦៧លានដុល្លារ និងផ្លាស់ប្តូររបៀបដែលវេទិការបស់ខ្លួនដំណើរការសម្រាប់អ្នកប្រើប្រាស់វ័យក្មេងនៅក្នុងរដ្ឋ បន្ទាប់ពីបានរកឃើញថាក្រុមហ៊ុននេះ បានធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កុមារជាច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចៅក្រម Bryan Biedscheid ប្រចាំនៅទីក្រុង Santa Fe បានសម្រេចកាលពីថ្ងៃទី៦ ខែសីហាថាក្រុមហ៊ុន Meta បានបង្កើតការរំខានជាសាធារណៈនៅក្នុងរដ្ឋ New Mexico ហើយចំណាត់ការនេះ ទទួលបានការគាំទ្រដោយលោក Raul Torrez អគ្គរដ្ឋអាជ្ញានៃរដ្ឋ New Mexico របស់បក្សប្រជាធិបតេយ្យ។

លោក Torrez បានចោទប្រកាន់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនេះថាបានរចនាកម្មវិធីរបស់ខ្លួនដើម្បីធ្វើឲ្យអ្នកប្រើប្រាស់វ័យក្មេងញៀន និងបរាជ័យក្នុងការការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទនៅលើវេទិការបស់ខ្លួន។

ទន្ទឹមនឹងនេះ លោក Biedscheid ក៏បានបញ្ជាឱ្យក្រុមហ៊ុន Meta ដាក់ចេញនូវវិធានការសុវត្ថិភាពយុវជនជាច្រើន រួមទាំងការកំណត់ប្រចាំខែលើការប្រើប្រាស់ Facebook និង Instagram របស់ក្មេងជំទង់ ការរឹតបន្តឹងលើការជូនដំណឹង ការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើការទាក់ទងរបស់មនុស្សពេញវ័យជាមួយអនីតិជនផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Meta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ ហើយបន្ថែមទៀតថាក្រុមហ៊ុនខ្លួនបានខិតខំកំណត់អត្តសញ្ញាណ និងលុបខ្លឹមសារដែលបង្កគ្រោះថ្នាក់ចេញពីវេទិការបស់ខ្លួនរួចរាល់ហើយ៕​