ម៉ាឡេស៊ី ប្ដេជ្ញាពូនជ្រំកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមទៀត។ការបញ្ជាក់នេះ បានធ្វើឡើងនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានបញ្ជាក់ថា កម្ពុជាគឺជាមិត្តដ៏ជិតស្និទ​ និងគួរឱ្យទុកចិត្ត។ លោកបានបន្តថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ នឹងចូលរួមចំណែកកាន់តែសំខាន់ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគី និងប្រែក្លាយការប្ដេជ្ញាចិត្តឱ្យទៅជាសកម្មភាពជាក់ស្ដែង សំដៅបន្តពូនជ្រំកិច្ចសហប្រតិបត្តិការម៉ាឡេស៊ី-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យការពារជាតិ។

បន្ថែមលើនេះ លោក ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី​ ក្នុងការបន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា​ និងពិនិត្យលទ្ធភាពស្វែងរកកិច្ចសហប្រតិបត្តិការ​ ដែលពាក់ព័ន្ធ​នឹងប្រតិបត្តិការរក្សាសន្តិភាព,​ ការឆ្លើយតបនឹងបញ្ហាសន្តិសុខមិនមែនប្រពៃណី,​ សន្តិសុខលំហសមុទ្រ និងការអភិវឌ្ឍសមត្ថភាពលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យការពារជាតិ​ ជាដើម។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ និងថា កម្ពុជានឹងបន្តគាំទ្រចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ខណៈ​សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ នាពេលកន្លងមក ព្រមទាំងការដឹកនាំ​ និងបន្តចូលរួមយ៉ាងសំខាន់ក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅកម្ពុជា។

មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានជម្រាបជូនរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕អត្ថបទ៖ហ្សលីន