លោក ត្រាំ ចាប់ផ្តើមព្យាយាមរិះរកវិធីដើម្បីដកតំណែងអភិបាលធនាគារកណ្តាលអាមេរិក Fed ជាថ្មី

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងជំរុញម្តងទៀតឱ្យដកលោកស្រី Lisa Cook សមាជិកក្រុមប្រឹក្សាភិបាលធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) ចេញពីតំណែង ជុំវិញការចោទប្រកាន់ពីបទក្លែងបន្លំប្រាក់កម្ចីទិញផ្ទះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតមួយច្បាប់របស់សេតវិមានដែលបានផ្ញើទៅកាន់លោកស្រី Lisa Cook សមាជិកក្រុមប្រឹក្សាភិបាលធនាគារកណ្តាលសហរដ្ឋអាមេរិក នៅថ្ងៃទី៥ ខែសីហា កន្លងទៅ បានបញ្ជាក់ថា ៖”ការជូនដំណឹងនេះគឺដើម្បីជម្រាបជូនអ្នកថា ប្រធានាធិបតីកំពុងពិចារណាដកអ្នកចេញពីតំណែងបច្ចុប្បន្នរបស់អ្នក”។ លិខិតនេះត្រូវបានចុះហត្ថលេខាដោយអនុប្រធានបុគ្គលិកនៃសេតវិមាន លោក Dan Scavino។

គួរឲ្យដឹងថាលោកស្រី Cook មានរយៈពេល ២១ថ្ងៃគិតចាប់ពីថ្ងៃដែលលោកស្រីបានទទួលលិខិតនោះ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ពីបទធ្វើសេចក្តីថ្លែងការណ៍មិនពិតលើពាក្យសុំប្រាក់កម្ចីទិញផ្ទះរបស់លោកស្រី។ ប៉ុន្តែយ៉ាងណាក៏ដោយលោកស្រីបានបដិសេធការចោទប្រកាន់ទាំងនេះម្តងហើយម្តងទៀត។

នៅក្នុងអំឡុងពេលអាណត្តិទីពីរនេះ លោក ដូណាល់ ត្រាំ បានចាត់វិធានការដែលមិនធ្លាប់មានពីមុនមក ដែលផ្តោតលើឯករាជ្យភាពរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក រួមទាំងការចាប់ផ្តើមការស៊ើបអង្កេតព្រហ្មទណ្ឌលើអតីតប្រធាន Fed លោក Jerome Powell និងការស្វែងរកដកអភិបាលធនាគារកណ្តាលសហរដ្ឋអាមេរិកចេញពីតំណែងជាបន្តបន្ទាប់ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីខែមិថុនា តុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចថា លោក ត្រាំ មិនមានសិទ្ធិអំណាចក្នុងការដកអភិបាលធនាគារកណ្តាលសហរដ្ឋអាមេរិក “ដោយហេតុផលណាមួយនោះឡើយ”។ ក្រុមប្រឹក្សាភិបាលគឺជាស្ថាប័នគ្រប់គ្រងខ្ពស់បំផុតរបស់ Fed ដែលមានសមាជិកចំនួនប្រាំពីរនាក់ទទួលខុសត្រូវក្នុងការកំណត់គោលនយោបាយរូបិយវត្ថុ ត្រួតពិនិត្យធនាគារ និងធ្វើឱ្យហិរញ្ញវត្ថុរបស់ប្រទេសមានស្ថិរភាព៕​