ក្រុមហ៊ុនលក់ទំនិញប្រណីតកំពូលរបស់បារាំង Kering ដែលត្រូវគេស្គាល់ថាជាម្ចាស់របស់ប្រ៊ែន Gucci កំពុងប្រកាសលក់អាជីវកម្មនៅក្នុងវិស័យផលិតផលថែរក្សាសម្រស់របស់ខ្លួន រួមទាំងម៉ាកយីហោទឹកអប់ឈានមុខគេ Creed ទៅឲ្យក្រុមហ៊ុនគ្រឿងសំអាងខ្នាតយក្ស L’Oreal ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ ៤,៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្រុមហ៊ុន Kering បានបង្ហាញឲ្យដឹងកាលពីថ្ងៃទី១៩ ខែតុលាថា នៅក្នុងកិច្ចព្រមព្រៀងនោះ ក៏នឹងផ្តល់ឲ្យ L’Oreal នូវអាជ្ញាប័ណ្ណផ្តាច់មុខរយៈពេល ៥០ឆ្នាំ ដើម្បីអភិវឌ្ឍ និងចែកចាយផលិតផលក្រោមស្លាកយីហោរបស់ Kering Gucci, Bottega Veneta និង Balenciaga ជាដើម។
យ៉ាងណាមិញ Kering និងក្រុមហ៊ុនគ្រឿងសម្អាងយក្សបារាំង L’Oreal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ពួកគេកំពុងចូលទៅក្នុងភាបជាដៃគូយុទ្ធសាស្រ្តយូរអង្វែងនៅក្នុងភាពស្អាត និងប្រណីតភាពបំផុត តាមរយៈកិច្ចព្រមព្រៀងដ៏ធំនេះ។
គួរឲ្យដឹងថា ការប្រកាសនេះកើតឡើងប្រហែលមួយខែបន្ទាប់ពីនាយកប្រតិបត្តិថ្មីរបស់ Kering គឺលោក Luca de Meo បានចូលកាន់តំណែងដោយបានបំពេញភារកិច្ចកាត់បន្ថយបំណុលរបស់ក្រុមដែលមានចំនួនប្រហែល ៩,៥ពាន់លានអឺរ៉ូ។
ជម្រាបជូនថា នៅក្នុងខែកក្កដា Kering បានរាយការណ៍ពីការធ្លាក់ចុះ ៤៦% នៃប្រាក់ចំណេញសុទ្ធនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ មកត្រឹម ៤៧៤លានអឺរ៉ូ និង ១៦% នៃការធ្លាក់ចុះប្រាក់ចំណូលសុទ្ធមកនៅត្រឹម ៧,៦ពាន់លានអឺរ៉ូ៕

