នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានដឹកនាំសមាជិក-សមាជិកាសមាគម ចុះបេសកកម្មរៀបចំ «កម្មវិធីសប្បុរសធម៌នៅតំបន់ព្រំដែន ខេត្តព្រះវិហារ» ប្រកបដោយភាពជោគជ័យ ស្នាមញញឹម និងពេញលេញដោយអត្ថន័យ។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានឱ្យដឹងថា នៅក្នុងបេសកកម្មដ៏ថ្លៃថ្លានេះ សមាគមបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម ដោយបាននាំយកអំណោយ និងសម្ភារសិក្សា ជូនដល់លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សនៅ អនុវិទ្យាល័យរំដោះស្រែ និងសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែន ត្រពាំងសង្កែ។
ជាមួយគ្នានេះដែរ ប្រតិភូសមាគមក៏បានអញ្ជើញជួបសំណេះសំណាល ជូនអំណោយលើកទឹកចិត្ត និងទទួលទានអាហារសាមគ្គីយ៉ាងស្និទ្ធស្នាល ជាមួយបងប្អូនកងទ័ព កងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីនៅតំបន់ព្រំដែន។
សមាគមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក-សមាជិកាទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា និងស្មារតីសាមគ្គីភាព ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់៕







