សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណលោក មីន អោង ឡាំង ប្រធានាធិបតីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលបានផ្ញើសារជូនពរសម្តេច ក្នុងឱកាសខួបចម្រើនជន្មាយុ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

សារលិខិតរបស់សម្តេចតេជោផ្ញើជូនលោក មីន អោង ឡាំង មានខ្លឹមសារដូច្នេះថា៖ «ខ្ញុំសូមថ្លែងនូវការដឹងគុណអស់ពីដួងចិត្ត ចំពោះសព្ទសាធុការពរប្រកបដោយសមានចិត្តរបស់ ឯកឧត្តម ជូនខ្ញុំ ក្នុងឱកាសនៃថ្ងៃខួបចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ របស់ខ្ញុំ។
សម្តេចតេជោ ពិតជារីករាយដែលគុណតម្លៃវប្បធម៌ សាសនា និងប្រពៃណីរួមរបស់យើង បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំទ្រទ្រង់មិត្តភាព ការគោរព និងការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងបាន ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យទាំងអស់ដែលជាផលប្រយោជន៍រួម។
នៅក្នុងពិភពលោកបច្ចុប្បន្ន ដែលមានការកើនឡើងនៃភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមដ៏ស្មុគស្មាញ វាពិតជាមានសារៈសំខាន់ខ្លាំងឡើង ដែលប្រទេសយើងទាំងពីរត្រូវសហការកាន់តែជិតស្និទ្ធបន្ថែមទៀត។
សម្តេចតេជោ ក៏នៅតែប្តេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេច ក្នុងការបន្តជំរុញកិច្ចសហការដ៏ជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីរបស់យើង និងដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រជាជាតិយើងទាំងពីរ តំបន់ និងពិភពលោក។
ជាថ្មីម្តងទៀត សម្តេចតេជោ ក៏សូមឱ្យលោកប្រធានាធិបតីមីយ៉ាន់ម៉ា ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរលោក បន្តទទួលបាននូវសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តម របស់លោក ឧត្តម»៕ អត្ថបទ៖ហ្សាលីន

