នាពេលឆាប់ៗខាងមុខ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នឹងមានរោងចក្រសម្លៀកបំពាក់ និងគ្រឿងអលង្ការកាឡៃតម្លៃ៦,៣លានដុល្លារ ខណៈបច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងនេះរួចរាល់ហើយ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ កាបូប សម្លៀកបំពាក់សត្វចឹញ្ចឹម គ្រៀងតុបតែងលម្អសម្លៀកបំពាក់ និងគ្រឿងអលង្ការកាឡៃ ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១៨០កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តថា រោងចក្រកាត់ដេរសម្លៀកបំពាក់ កាបូប សម្លៀកបំពាក់សត្វចិញ្ចឹម គ្រឿងតុបតែងលម្អសម្លៀកបំពាក់ និងគ្រឿងអលង្ការកាឡៃ នឹងបោះទីតាំងស្ថិតនៅក្បាលដីលេខ 280 ផ្លូវជាតិលេខ3 ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងវិនយោគដោយក្រុមហ៊ុនបីជីវីលីដ ប៊ី.អេ. (ខេមបូឌា) ឯ.ក។
សូមជម្រាបថា ពាក់ព័ន្ធនឹងការវិនិយោគនេះដែរ នៅក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ CDC បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣%៕ អត្ថបទ៖ហ្សាលីន


