មហាសេដ្ឋី Jeff Bezos កាន់ខិតជិតក្នុងការទិញយកភាគហ៊ុន នៅក្នុងក្លិបបាល់ទាត់ Liverpool

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការវិនិយោគជាលើកដំបូងទៅក្នុងវិស័យបាល់ទាត់ នៅពេលដែលរូបលោក រួមជាមួយវិនិយោគិនមួយក្រុមហ៊ុន កាន់តែខិតជិតក្នុងការទិញយកភាគហ៊ុន នៅក្នុងក្លិបបាល់ទាត់កំពូលរបស់អង់គ្លេស Liverpool។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reutets។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១០ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ក្រុមវិនិយោគិនមួយក្រុម រួមទាំងស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ផងនោះ កំពុងជិតក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីទិញយកភាគហ៊ុនប្រហែលមួយភាគបី នៅក្នុងក្លិបបាល់ទាត់ Liverpool នៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier League។

យ៉ាងណាមិញ នេះនឹងជាលើកដំបូងផងដែរ ដែលមហាសេដ្ឋីលំដាប់កំពូលលើលោករូបនេះ បានវិនិយោគលើវិស័យបាល់ទាត់។ នៅប្រទេសអង់គ្លេស ក្រុមហ៊ុន Amazon ពីមុនធ្លាប់មានសិទ្ធិផ្សាយការប្រកួត Premier League ចំនួន ២០ ប្រកួតក្នុងមួយរដូវកាលផងដែរ សម្រាប់រយៈពេលប្រាំមួយរដូវកាល។ បច្ចុប្បន្នក្រុមហ៊ុននេះក៏ទទួលបានសិទ្ធចាក់ផ្សាយពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League នៅក្នុងប្រទេសអឺរ៉ុបជាច្រើន និងមានសិទ្ធិផ្សាយសម្រាប់កីឡា NFL នៅសហរដ្ឋអាមេរិកផងដែរ។

យ៉ាងណាមិញ ប្រភពសារព័ត៌មានជាច្រើន ក៏បានរាយការណ៍ទៀតផងដែរថា ក្រុមវិនិយោគិនដែលកំពុងខិតជិតទិញភាគហ៊ុននៅ Liverpool នោះ ក៏រួមមានសហស្ថាបនិក Facebook លោក Eduardo Saverin ផងដែរ។ យោងតាម ​​Sky News ក្រុមវិនិគិននេះដឹកនាំដោយលោក Amit Bhatia ដែលជាកូនប្រសាររបស់មហាសេដ្ឋីដែកថែបឥណ្ឌា Lakshmi Mittal និងជាអតីតម្ចាស់ភាគហ៊ុនរបស់ Queens Park Rangers ដែលជាក្លឹបបាល់ទាត់ដែលកំពុងលេងក្នុងក្របខ័ណ្ឌ English Championship។

គួរជម្រាបជូនថា បច្ចុប្បន្ន ក្រុមហ៊ុន Fenway Sports Group (FSG) គឺជាម្ចាស់របស់ Liverpool បន្ទាប់ពីបានទិញយកនៅក្នុងឆ្នាំ២០១០។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេបានស្វែងរកការវិនិយោគពីខាងក្រៅ ប៉ុន្តែនៅតែបន្តគ្រប់គ្រងក្លឹបនេះដដែល។ ហើយប្រសិនបើកិច្ចព្រមព្រៀងខាងលើដំណើរការនោះ Liverpool អាចមានតម្លៃប្រមាណជិត ៦ពាន់លានដុល្លារ៕​