ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានប្រកាសតែងតាំងលោកស្រី Destry Damayanti អភិបាលស្តីទីធនាគារកណ្តាល ឲ្យក្លាយជាបេក្ខជនតែមួយគត់សម្រាប់តំណែងអភិបាលជាផ្លូវការ បន្ទាប់ពីមានការលាលែងចេញពីតំណែងភ្លាមៗដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ លោក Perry Warjiyo កាលពីខែមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញព័ត៌មាននេះ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prasetyo Hadi ដែលបានឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាននៅទីក្រុងហ្សាកាតាថា លោកស្រី Destry Damayanti គឺជាបេក្ខភាពតែមួយគត់សម្រាប់តំណែងដ៏សំខាន់នេះ។
គួរឲ្យដឹងផងដែរថា យោងតាមបទប្បញ្ញតិរបស់ឥណ្ឌូណេស៊ី ការតែងតាំងអភិបាលធនាគារកណ្តាលថ្មី គឺតម្រូវឲ្យមានការយល់ព្រមពីសភា។ ប៉ុន្តែបច្ចុប្បន្ន សភានីតិបញ្ញត្តិកំពុងសម្រាក ដោយនឹងពិចារណាលើការតែងតាំងនេះ នៅពេលចូលសម័យប្រជុំវិញ។
យ៉ាងណាមិញ នៅមុនពេលឡើងកាន់តំណែងជំនួសលោក Perry Warjiyo ក្នុងតំណែងជាអភិបាលបណ្តោះអាសន្ន លោកស្រី Destry ក៏ធ្លាប់ជាអនុប្រធានធនាគារកណ្តាល ចាប់តាំងពីឆ្នាំ២០១៩ មកផងដែរ។
ជុំវិញការចាកចេញដែលមិននឹកស្មានដល់របស់ លោក Perry នៅចុងខែកក្កដាគឺជាការចាកចេញលើកទីពីរហើយរបស់អ្នកធ្វើគោលនយោបាយសេដ្ឋកិច្ចដ៏សំខាន់ម្នាក់ ចាប់តាំងពីប្រធានាធិបតី លោក Prabowo Subianto ចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២៤មក។
ជម្រាបជូនថា ការលាលែងចេញពីតំណែងរបស់លោក Perry បានកើតឡើងក្នុងបរិបទដ៏លំបាកមួយ ដោយប្រាក់រូពីបានធ្លាក់ចុះយ៉ាងខ្លាំង និងទីផ្សារភាគហ៊ុនធ្លាក់ចុះ។ នៅក្នុងកិច្ចប្រជុំគោលនយោបាយចុងក្រោយដែលដឹកនាំដោយលោក Perry នៅចុងខែកក្កដា ធនាគារកណ្តាល បានបន្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅ ៥,៧៥ភាគរយ បន្ទាប់ពីការកើនឡើងសរុបចំនួន ១០០ពិន្ទុនៅឆ្នាំនេះ៕

