ប្រធានរដ្ឋឡាវថា កម្ពុជា-ឡាវ តែងតែជួយគ្នានៅគ្រាលំបាកនិងមានទុក្ខគ្រប់កាលៈទេសៈ

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានរដ្ឋឡាវ បានប្តេជ្ញាបន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ខណៈបច្ចុប្បន្នប្រធានរដ្ឋសភាឡាវ ក៏បានបញ្ជាក់ដែរថា ប្រទេសកម្ពុជា-ឡាវ តែងតែជួយគ្នានៅគ្រាលំបាកនិងមានទុក្ខគ្រប់កាលៈទេសៈផងដែរ។លោកលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ឃួន សុដារី ជាមួយ លោក ថងលុន ស៊ីសុលីត (Thongloun SISOLITH) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកានោះ លោក ថងលុន ស៊ីសុលី ប្រធានរដ្ឋសភា បានអរគុណជាទីបំផុតជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្ញើសាររំលែកទុក្ខជូនបក្ស រដ្ឋ និងប្រជាជនឡាវនៅក្នុងឱកាសដ៏ក្រៀមក្រំនេះ។ សមានចិត្តដ៏ស្មោះសរ មនោសញ្ចេតនាជ្រាលជ្រៅ រវាងថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងនៃថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាយូរលង់ណាស់មកហើយ។ ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ តែងតែជួយគ្នានៅគ្រាលំបាកនិងមានទុក្ខគ្រប់កាលៈទេសៈ។

ឆ្លៀតនៅក្នុងឱកាសនោះ តាមរយៈសម្តេចប្រធានរដ្ឋសភា ឯកឧត្តមប្រធានរដ្ឋ ក៏បានផ្តាំផ្ញើនូវការក្រាបថ្វាយបង្គំនូវការសាកសួរសុខទុក្ខ ថ្វាយ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងផ្តាំផ្ញើការសាកសួរសុខទុក្ខនិងក្តីនឹករលឹក ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។

តាមរយៈជំនួបពិភាក្សានោះ ភាគីទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពិសេសការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលនឹងនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនថែមទៀត សម្រាប់ប្រជាជនទាំងសងខាង៕អត្ថបទ៖ហ្សាលីន