ក្រុមហ៊ុន បុរី វិមានសំណាង ម.ក រៀបចំកម្មវិធីរ៉ូដសូ (Roadshow) ស្តីពីការបោះផ្សាយមូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) ដោយកិច្ចសហការជាមួយក្រុមហ៊ុន មូលបត្រ ខេមបូឌា សុីឃ្យូរីធី

សង្គម​ និង​សេដ្ឋកិច្ច

[រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦] — ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ព្រីមៀម និងប្រណីតឈានមុខគេមួយនៅកម្ពុជា បានរៀបចំកម្មវិធីរ៉ូដសូ (Roadshow) យ៉ាងអធិកអធម ស្តីពី «ការបោះផ្សាយមូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (Initial Public Offering – IPO)» ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមហ៊ុន មូលបត្រ ខេមបូឌា សុីឃ្យូរីធី (Cambodia Securities Plc.) ក្នុងគោលបំណងបង្ហាញពីកាលានុវត្តភាពវិនិយោគ និងផែនការរីកចម្រើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុន ជូនដល់សាធារណជន និងវិនិយោគិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាន៖
-លោក Bae Heungsoo (លោក បេ ហ៊ុងស៊ូ) អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករងនៃផ្សារមូលបត្រកម្ពុជា (CSX)
-ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក
-លោក Teng, Cheng-Yueh (លោក តេង ឆេង យូ) ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន មូលបត្រ ខេមបូឌា សុីឃ្យូរីធី

កម្មវិធីនេះបានទាក់ទាញវត្តមានរបស់វិនិយោគិនជាតិ និងអន្តរជាតិ តំណាងស្ថាប័នហិរញ្ញវត្ថុ ដៃគូអាជីវកម្ម ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីឈ្វេងយល់កាន់តែច្បាស់អំពីដំណើរការនៃការចូលរួមក្នុងទីផ្សារដើមទុនរបស់ បុរី វិមានសំណាង ម.ក។

នៅក្នុងឱកាសនោះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានបញ្ជាក់ថា ៖ «ការឈានជើងចូលក្នុងទីផ្សារមូលបត្រ គឺជាជំហានប្រវត្តិសាស្ត្រមួយទៀតរបស់ បុរី វិមានសំណាង ម.ក ក្នុងការលើកកម្ពស់តម្លាភាព អភិបាលកិច្ច និងការពង្រីកវិសាលភាពអាជីវកម្មឱ្យកាន់តែរឹងមាំ។ ការបោះផ្សាយមូលបត្រកម្មសិទ្ធិនេះ មិនត្រឹមតែជួយកៀរគរដើមទុនបន្ថែមសម្រាប់ពង្រីកគម្រោងអភិវឌ្ឍន៍នានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសឱ្យសាធារណជន និងវិនិយោគិន បានក្លាយជាម្ចាស់ភាគហ៊ុន និងរីកចម្រើនទៅមុខរួមគ្នាជាមួយក្រុមហ៊ុន»។

ជាមួយគ្នានេះ លោក Teng Cheng-Yueh (លោក តេង ឆេង យូ) ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន មូលបត្រ ខេមបូឌា សុីឃ្យូរីធី ដែលជាក្រុមហ៊ុនធានាទិញមូលបត្រ (Underwriter) បានសម្តែងនូវភាពជឿជាក់យ៉ាងមុតមាំចំពោះសក្តានុពលរបស់ បុរី វិមានសំណាង ម.ក ដោយលោកបានលើកឡើងថា គំរូអាជីវកម្មដ៏រឹងមាំ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន នឹងក្លាយជាកត្តាទាក់ទាញដ៏ខ្លាំងក្លាសម្រាប់វិនិយោគិននៅក្នុងទីផ្សារ។

លោក Bae Heungsoo អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករងនៃផ្សារមូលបត្រកម្ពុជា (CSX) ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ បុរី វិមានសំណាង ម.ក ក្នុងការបោះផ្សាយ IPO នេះ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍទីផ្សារដើមទុននៅកម្ពុជាឱ្យកាន់តែមានសកម្មភាពរស់រវើក និងទាក់ទាញការវិនិយោគកាន់តែច្រើនឡើង។

កម្មវិធី Roadshow នេះបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម។ ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទនៃការចុះឈ្មោះទិញភាគហ៊ុន តម្លៃភាគហ៊ុនច្បាស់លាស់ និងនីតិវិធីនៃការវិនិយោគ នឹងត្រូវក្រុមហ៊ុនប្រកាសជូនជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ៕

ក្រុមហ៊ុនបុរី វិមានសំណាង ម.ក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដែលផ្តោតលើការកសាងលំនៅដ្ឋានប្រណិតៗ ប្រកបដោយគុណភាព សោភ័ណភាព និងស្ថាបត្យកម្មទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅបែបស៊ីវិល័យរបស់អតិថិជន។

**សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លេខទូរស័ព្ទ៖ 011 62 6789 / 061 96 2000
អ៊ីមែល៖ [email protected]
គេហទំព័រ៖ www.bvs.com.kh