សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ភឺន ផល្លានិង លោកជំទាវឧកញ៉ា សាយ សោភា ដែលបានឧបត្ថម្ភយានយន្តប្រភេទ Pickup សរុបចំនួន ១២គ្រឿង ដែលមានតម្លៃសរុប ៤៨២ ០០០ ដុល្លារអាមេរិក តាមសំណើរបស់ឯកឧត្តម ស្រី ឌឹក ដើម្បីធ្វើជាមធ្យោបាយដឹកសម្ភារៈយោធបរិក្ខារផ្សេងៗ ជូនដល់កងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបណ្តាគោលដៅចំណុចខ្ពស់ខ្សែត្រៀមជួរមុខ។

តាមរយៈខ្លឹមសារនៃលិខិតថ្លែងអំណរគុណចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យានយន្តប្រភេទ Pickup ទាំង ១២គ្រឿង ដែលបានឧបត្ថម្ភនោះ រួមមាន៖
− រថយន្ត គោព្រៃ ចំនួន ១០គ្រឿង
− រថយន្ត Ford ចំនួន ១គ្រឿង
− រថយន្ត Mazda ចំនួន ១គ្រឿង
សម្តេចតេជោប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បន្ថែមនៅក្នុងលិខិតថា៖ ការឧបត្ថម្ភរបស់ឯកឧត្តម និងលោកជំទាវឧកញ៉ា ពិតជាបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះកងកម្លាំងរបស់យើង ក្នុងគ្រាដែលកំពុងលំបាក ដែលការណ៍នេះ ក៏ជាសកម្មភាពគាំទ្រដល់ការការពារផលប្រយោជន៍ជាតិមាតុភូមិ សាសនា ព្រះមហាក្សត្រ និងជនរួមជាតិផងដែរ។
ជាការឆ្លើយតបនឹងកាយវិការដ៏ប្រពៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួររំលឹកផងដែរថា ក្រៅពីការចូលរួមឧបត្ថម្ភយានយន្តដល់កងទ័ពជួរមុខ កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម ភឺន ផល្លា និង លោកជំទាវឧកញ៉ា សាយ សោភា ព្រមទាំងកូនៗ ក៏បានបន្តសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ដោយលោកទាំងពីរបានឧបត្ថម្ភថវិកាសាងសង់ផ្ទះចំនួន ៥០ខ្នង ជូនដល់អតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពខ្វះខាត និងគ្មានផ្ទះស្នាក់នៅសមរម្យ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ផងដែរ៕

































