ការលក់រថយន្តអគ្គិសនីទូទាំងពិភពលោក បន្តកើនឡើងខ្លាំងនៅខែកក្កដា ជំរុញដោយតម្រូវការខ្ពស់នៅអឺរ៉ុប

អន្តរជាតិ

យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់ Benchmark Mineral Intelligence បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ទី១៣ សីហាថា តម្រូវការរថយន្តអគ្គិសនីទូទាំងពិភពលោកបានកើនឡើងសម្រាប់ខែទីប្រាំជាប់ៗគ្នា នៅក្នុងខែកក្កដា ដែលជំរុញដោយកំណើនរឹងមាំនៅអឺរ៉ុប ខណៈពេលដែលការលក់បានធ្លាក់ចុះនៅក្នុងប្រទេសចិន និងអាមេរិកខាងជើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់ប្រភេទ Hybrid បានកើនឡើង ៩% ដល់ ១,៨៥ លានគ្រឿង នៅក្នុងខែកក្កដា ដែលនាំឱ្យបរិមាណលក់រថយន្តគិតត្រឹមឆ្នាំនេះ កើនឡើងដល់ ១១,៥ លានគ្រឿង។

យ៉ាងណាមិញ តួលេខទាំងនេះ បានរំលេចឲ្យឃើញកាន់តែច្បាស់អំពីគម្លាតកាន់តែខ្លាំងឡើងរវាងទីផ្សាររថយន្តអគ្គិសនី (EV) សំខាន់ៗ ដោយសារប្រាក់ឧបត្ថម្ភនៅអឺរ៉ុបបានជួយគាំទ្រដល់តម្រូវការ ខណៈទីផ្សារអាមេរិកបានរងផលប៉ះពាល់ដោយសារការលុបចោលការលើកលែងពន្ធសហព័ន្ធលើរថយន្តអគ្គិសនី ហើយក្រុមហ៊ុនផលិតរថយន្តចិនកាន់តែពឹងផ្អែកខ្លាំងលើការនាំចេញសម្រាប់កំណើនរបស់ខ្លួន។

ការលក់នៅអឺរ៉ុបបានកើនឡើង ៣៣% ដល់ ៤៥០ ០០០ គ្រឿង ដែលជំរុញកំណើនប្រចាំឆ្នាំដល់ ២៨%។ ប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេសបានបង្ហាញពីកំណើននៃការលក់រថយន្តអគ្គិសនីចំនួន ៨១%, ៤៦% និង ៤៣% រៀងៗខ្លួន នៅក្នុងខែកក្កដា។

ទន្ទឹមនឹងនេះ ការលក់នៅប្រទេសចិនបានធ្លាក់ចុះ ៥% មកនៅ ៩៨០ ០០០ គ្រឿង ខណៈការលក់នៅអាមេរិកខាងជើងបានធ្លាក់ចុះ ២៧% មកនៅ ១៤០ ០០០ គ្រឿង បន្ទាប់ពីមានការលុបចោលការលើកលែងពន្ធសហព័ន្ធលើរថយន្តអគ្គិសនី៕​