ឥណ្ឌា វ៉ាដាច់ជប៉ុន ដណ្តើមចំណែកទីផ្សារលក់រថយន្តច្រើនបំផុតលេខ ៣ លើពិភពលោក ក្នុងឆ្នាំ ២០២២

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន Nikkei ថ្មីៗនេះ បានបង្ហាញឱ្យដឹងថា ការលក់រថយន្តថ្មីៗ នៅក្នុងប្រទេសឥណ្ឌា មានការហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ជាមួយនឹងចំនួនលក់សរុបយ៉ាងហោចណាស់ ៤,២៥ លានគ្រឿង នៅឆ្នាំ ២០២២ ពោលគឺបានឡើងមកឈរនៅលំដាប់លេខ ៣ ក្នុងពិភពលោក ដោយផ្តួលជប៉ុន ដែលបានលក់ក្នុងចំនួនសរុប ៤,២ លានគ្រឿង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសមាគមក្រុមហ៊ុនផលិតរថយន្តឥណ្ឌា (SIAM) បានឱ្យដឹងថា រថយន្តថ្មីៗ ដែលត្រូវបានចែកចាយ នៅក្នុងប្រទេសឥណ្ឌា គិតនៅចន្លោះខែមករា ដល់ខែធ្នូ ឆ្នាំ ២០២២ មានចំនួនសរុប ៤,១៣ លានគ្រឿង ខណ:ការកើនឡើងនេះ គឺបានរួចចំណែកយ៉ាងខ្លាំង ដោយក្រុមហ៊ុន Maruti Suzuki ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ឥណ្ឌា ។

គួរឱ្យដឹងថា នៅក្នុងប្រទេសជប៉ុន រថយន្តចំនួន ៤ ២០១ ៣២១ គ្រឿង ត្រូវបានលក់នៅក្នុងឆ្នាំ ២០២២ ពោលគឺបានធ្លាក់ចុះ ៥,៦% ធៀបនឹងឆ្នាំ ២០២១ ។ នេះបើតាមទិន្នន័យដែលទទួលបានពីសមាគមអ្នកចែកចាយរថយន្ត និងម៉ូតូធុនស្រាលជប៉ុន។

តែទោះជាយ៉ាងណាបរិមាណនៃការលក់រថយន្តនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា អាចកើនឡើងបន្ថែមទៀត ជាមួយនឹងតួលេខនៃការលក់រថយន្តអាជីវកម្មនៅត្រីមាសទី ៤ នៅមិនទាន់ចេញផ្សាយ ស្របពេលលទ្ធផលនៃការលក់ចុងឆ្នាំ ដោយក្រុមហ៊ុន Tata Motors និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតក្នុងប្រទេសឥណ្ឌា ក៏នៅមិនទាន់ប្រកាសចេញផងដែរ ។

សូមជម្រាបជូនផងដែរថា នៅឆ្នាំ ២០២១ ប្រទេសចិន បានបន្តនាំមុខគេ លើទីផ្សារថយន្តពិភពលោក ដោយរថយន្តសរុបចំនួន ២៦,២៧ លានគ្រឿង ត្រូវបានលក់ចេញ ស្របពេលសហរដ្ឋអាមេរិក នៅតែបន្តឈរនៅលេខ ២ ដោយលក់រថយន្តសរុបចំនួន ១៥,៤ លានគ្រឿង និងតាមពីក្រោយដោយជប៉ុន ដែលអាចលក់រថយន្តបាន ៤,៤៤ លានគ្រឿង៕