កូនទាំង ៤នាក់របស់មហាសេដ្ឋីកំពូលឥណ្ឌូណេស៊ី Michael Hartono ត្រូវបានគេរាយការណ៍ថា បានទទួលមរតកយ៉ាងហោចណាស់ ២,៩៣ពាន់លានដុល្លារ ក្នុងម្នាក់ ពីភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់គ្រួសារ បន្ទាប់ពីការស្លាប់របស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមការរាយការណ៍របស់ Bloomberg ភាគហ៊ុន ៤៩% របស់លោក Michael Hartono នៅក្នុងក្រុមហ៊ុន PT Dwimuria Investama Andalan ដែលជាក្រុមហ៊ុនដែលលោក និងប្អូនប្រុសរបស់លោកគឺ Robert Hartono កាន់កាប់ភាគហ៊ុនច្រើនជាងពាក់កណ្តាលនៃធនាគារ Bank Central Asia (ធនាគារឯកជនធំជាងគេនៅឥណ្ឌូណេស៊ី) នឹងត្រូវបែងចែកស្មើៗគ្នាទៅអ្នកស្នងមរតក ដែលជាកូនទាំង៤ របស់លោក។
គួរឲ្យដឹងផងដែរថា ដោយបច្ចុប្បន្ន Bank Central Asia មានតម្លៃមូលធនទីផ្សារប្រហែល ៤៤ពាន់លានដុល្លារ ដូច្នេះភាគហ៊ុនរបស់ លោក Michael នៅក្នុង Dwimuria មានតម្លៃយ៉ាងហោចណាស់ ១១,៧ពាន់លានដុល្លារ ដែលនេះមានន័យថាកូនៗទាំង៤ នាក់របស់លោក នឹងទទួលបានប្រហែលជិត ៣ពាន់លានដុល្លារក្នុងម្នាក់ៗ។
លោក Michael បានទទួលមរណភាពក្នុងខែមីនា ឆ្នាំ ក្នុងអាយុ ៨៦ឆ្នាំ។ ហើយអ្នកស្នងមរតករបស់លោក សុទ្ធសឹងតែមានភាគហ៊ុនកាន់នៅក្នុងដៃ នៅទូទាំងចក្រភពមុខជំនួញរបស់គ្រួសារ Hartono នេះរួចស្រេចទៅហើយ។
ជម្រាបជូនថា ការផ្ទេរទ្រព្យសម្បត្តិរបស់គ្រួសារនេះ គឺជាការផ្ទេរដ៏ធំបំផុតមួយនៅក្នុងទ្វីបអាស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលលើសពីទ្រព្យសម្បត្តិប្រហែល ១០ពាន់លានដុល្លារដែលបន្សល់ទុកដោយអតីតប្រធានធនាគារសិង្ហបុរី Wee Cho Yaw ដែលបានទទួលមរណភាព ក្នុងឆ្នាំ២០២៤៕

