លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជាពិសេសក្រសួងកិច្ចការនារី ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ចាត់វិធានក្ដៅ លើការធ្លាក់សីលធម៌ នៅតាមបណ្ដាញសង្គម។

ថ្លែងក្នុងជំនួបសម្ដែងការគួរសម ជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានព្រមានត្រូវតែចាត់វិធានការលើបុគ្គលជេរប្រមាថ ឈ្លោះប្រកែកគ្នា លើបណ្តាញសង្គមបំផ្លាញក្រមសីលធម៌របស់កម្ពុជា មិនត្រូវលើកលែង។សម្តេចតេជោ ក៏បានថ្លែងថា ការចាត់វិធានការច្បាប់លើរឿងអសីលធម៌លើបណ្តាញសង្គម មិនមែនជារឿងផ្តាច់ការនោះទេ តែជាការរក្សាសេចក្តីថ្លៃថ្នូររបស់ជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអសីលធម៌សង្គម នរណាក៏អាចប្តឹងបានដែរ នេះជាបញ្ហារបស់ជាតិ។សម្តេចតេជោក៏ស្នើឲ្យតុលាការពិនិត្យមើលលើសំណុំរឿងនានាដែលត្រូវបានប្ដឹងលើ«បុគ្គលដែលបំផ្លាញសេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម»។ សម្តេចតេជោថ្លែងថា ចំណាត់ការដើម្បីតម្លៃស្ត្រីនិងសីលធម៌សង្គមមិនគួរត្រូវបានមើលឃើញថាជាអំពើផ្ដាច់ការនោះទេ ព្រោះថា សូម្បីក្រុមហ៊ុនបណ្ដាញសង្គមនានាក៏មានគោលការណ៍ក្រុមសីលធម៌របស់គេដែរ។

បន្ថែមពីនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ទៀតថា ចាប់ពីពេលនេះទៅ សុំតាមមើលឲ្យបានដិតដល់ គួរតែមានក្រុមមួយដើម្បីតាមដានករណីអស់ទាំងហ្នឹង ពិសេសអ្នកជេរបញ្ចោរតាមហ្វេសប៊ុកជាដើម»។សម្តេចតេជោ ក៏បានប្រាប់ឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ធ្វើការជាមួយក្រសួងពាក់ព័ន្ធរួមមានក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ ក្រសួងប្រៃយណីយ៍ រៀបចំយន្តការ ដើម្បីការពារសេចក្ដីថ្លៃថ្នូរ និងតម្លៃនៃស្ត្រីខ្មែរដើម្បីជាការការពារសេចក្ដីថ្លៃថ្នូរជាតិ៕ អត្ថបទ៖ហ្សាលីន

