វិនិយោគិនម៉ាឡេស៊ី ១៥០រូប មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ដើម្បីជំរុញលំហូរពាណិជ្ជកម្ម វិនិយោគទ្វេភាគី និងឈ្វេងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា ប្រតិភូវិនិយោគិនម៉ាឡេស៊ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជាប្រមាណ ១៥០រូប ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ជំនួបពិភាក្សានេះ ជាផ្នែកមួយនៃការអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ហើយដែលបេសកកម្មធុរកិច្ចម៉ាឡេស៊ីមកកាន់កម្ពុជានេះជាលើកទី ២ បន្ទាប់ពីបេសកកម្មលើកទី១ របស់ប្រតិភូម៉ាឡេស៊ីពីសហគ្រាស ធុនតូច និងមធ្យម ទទួលបាននូវភាពជោគជ័យ កាលពីខែមេសា ឆ្នាំ២០២២កន្លងទៅ។

ទន្ទឹមនឹងនេះ លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ដំណើរបេសកកម្មធុរកិច្ចម៉ាឡេស៊ីនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់វិនិយោគិនម៉ាឡេស៊ីចំពោះតថភាពសេដ្ឋកិច្ច ស្ថេរភាពនយោបាយ និងយុទ្ធសាស្ត្រស្តារសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ ប្រមុខការទូតកម្ពុជារូបនេះ ក៏បានគូសបញ្ជាក់បន្ថែមទៀតអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី ដែលបានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៊ីពិចារណាវិនិយោគលើវិស័យប្រកបដោយសក្តានុពលផ្សេងៗទៀត ដូចជា វិស័យកសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

សូមជម្រាបថា កន្លងមកកម្ពុជា និង​ម៉ាឡេស៊ី​បាន​សន្យា​នឹង​ខិតខំ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែមទៀត។ បើតាម​សម្តេចតេជោ ហ៊ុន សែន ក្នុង​រយៈពេល ​៥ ​ឆ្នាំ​ចុងក្រោយ​នេះ តួលេខ​វិនិយោគិន​ម៉ាឡេស៊ី​ឈរ​នៅ​លំដាប់ថ្នាក់​ទី​ ៣ ហើយ​សង្ឃឹមថា កម្ពុជា​នឹង​ទទួលបាន​ការវិនិយោគ​បន្ថែមទៀត​ពី​ម៉ាឡេស៊ី ក្រោម​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​។ ដូចនេះ​កម្ពុជា សូម​លើក​ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ម៉ាឡេស៊ី​មក​ធ្វើ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​នានា​ដូចជា អចលនទ្រព្យ សំណង់ គ្រឿងបន្លាស់​រថយន្ត ហេដ្ឋារចនាសម្ព័ន្ធ និង​ម្ហូបអាហារ​ហាឡាល់ ជាដើម​។

គួររម្លឹកថា ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ម៉ាឡេស៊ី ក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ទឹកប្រាក់​ជាង ៥០០ ​លាន​ដុល្លារ​កើនឡើង​ ១៣,១៤​ ភាគរយ ធៀប​នឹង​ឆ្នាំ ​២០២០​។ នៅក្នុង​នោះ ការនាំ​ចេញពី​កម្ពុជា​ទៅ​ម៉ាឡេស៊ី​មាន​ទឹកប្រាក់​ជាង ១០១ ​លាន​ដុល្លារ កើន ២,៦២ ​ភាគរយ ខណៈ​ការនាំ​ពី​ម៉ាឡេស៊ី​មក​កម្ពុជា​មាន​ទឹកប្រាក់​ចំនួន​ ៣៩៩​ លានដុល្លារ កើនឡើង​១៦,១៦ ​ភាគរយ​។

បន្ថែមទៅលើនេះ ​របាយការណ៍​ពី​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា គិត​ត្រឹម​ឆ្នាំ ​២០២១ ម៉ាឡេស៊ី​បាន​វិនិយោគ​នៅ​កម្ពុជា​ជាង ៣,១៥ ​ពាន់​លាន​ដុល្លារ​៕