សម្ដេចតេជោ បញ្ជាឱ្យក្រសួងពាក់ព័ន្ធចាត់វិធានការលើបុគ្គលអសិលធម៌ និងជេរប្រមាថគ្នាលើបណ្តាញសង្គម

សង្គម​ និង​សេដ្ឋកិច្ច

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ប្រាប់​ឲ្យ​ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជាពិសេស​ក្រសួង​កិច្ចការ​នារី ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ចាត់វិធានក្ដៅ លើការធ្លាក់សីលធម៌ នៅតាមបណ្ដាញសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបសម្ដែងការគួរសម ជាមួយ​ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានព្រមានត្រូវតែចាត់វិធានការលើបុគ្គលជេរប្រមាថ ឈ្លោះប្រកែកគ្នា លើបណ្តាញសង្គមបំផ្លាញក្រមសីលធម៌របស់កម្ពុជា មិនត្រូវលើកលែង។សម្តេចតេជោ ក៏បានថ្លែងថា ការចាត់វិធានការច្បាប់លើរឿងអសីលធម៌លើបណ្តាញសង្គម មិនមែនជារឿងផ្តាច់ការនោះទេ តែជាការរក្សាសេចក្តីថ្លៃថ្នូររបស់ជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអសីលធម៌សង្គម នរណាក៏អាចប្តឹងបានដែរ នេះជាបញ្ហារបស់ជាតិ។សម្តេចតេជោក៏ស្នើ​ឲ្យ​តុលាការ​ពិនិត្យ​មើល​លើ​សំណុំរឿង​នានា​ដែល​ត្រូវ​បាន​ប្ដឹង​លើ​«បុគ្គលដែល​បំផ្លាញ​សេចក្ដីថ្លៃថ្នូរ​នៅ​ក្នុង​សង្គម»។ សម្តេចតេជោ​ថ្លែង​ថា ចំណាត់​ការ​ដើម្បី​តម្លៃ​ស្ត្រី​និង​សីលធម៌​សង្គម​មិន​គួរ​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​អំពើ​ផ្ដាច់​ការ​នោះ​ទេ ព្រោះថា សូម្បី​ក្រុមហ៊ុន​បណ្ដាញសង្គម​នានា​ក៏មាន​គោលការណ៍​ក្រុម​សីលធម៌​របស់គេ​ដែរ។

បន្ថែមពីនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ទៀតថា ​ ចាប់​ពី​ពេល​នេះ​ទៅ សុំតាម​មើល​ឲ្យ​បាន​ដិត​ដល់​ គួរ​តែ​មាន​ក្រុម​មួយ​ដើម្បី​តាមដាន​ករណី​អស់​ទាំង​ហ្នឹង ពិសេសអ្នកជេរ​បញ្ចោរ​តាម​ហ្វេសប៊ុកជាដើម»។​សម្តេចតេជោ ក៏បាន​ប្រាប់​ឲ្យ​ក្រុម​ប្រឹក្សា​ជាតិកម្ពុជាដើម្បីស្ត្រី ធ្វើការ​ជាមួយ​ក្រសួង​ពាក់​ព័ន្ធ​រួម​មាន​ក្រសួង​មហាផ្ទៃ ក្រសួង​ព័ត៌មាន ក្រសួង​វប្បធម៌ ក្រសួង​ប្រៃយណីយ៍ រៀបចំ​យន្តការ​ ដើម្បី​ការពារ​សេចក្ដីថ្លៃថ្នូរ និង​តម្លៃ​នៃ​ស្ត្រី​ខ្មែរ​ដើម្បីជា​ការការពារ​សេចក្ដីថ្លៃ​ថ្នូ​រជាតិ៕ អត្ថបទ៖ហ្សាលីន