ពលរដ្ឋកាណាដាជាង ១ សែននាក់ចុះហត្ថលេខាលើញត្តិទាមទារឲ្យបណ្តេញឯកអគ្គរដ្ឋទូតអាមេរិកចេញ

អន្តរជាតិ

ពលរដ្ឋកាណាដា ចំនួន ១០៤ ០០០ នាក់បានចុះហត្ថលេខាលើញត្តិមួយដែលអំពាវនាវឱ្យបណ្តេញលោក Pete Hoekstra ចេញ ដោយចោទប្រកាន់ឯកអគ្គរដ្ឋទូតរូបនេះ ថាបានធ្វើឲ្យខូតដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមញត្តិអនឡាញមួយបានលើកឡើងថា លោក Pete Hoekstra គួរតែត្រូវបានប្រកាសជា «បុគ្គលដែលគេមិនស្វាគមន៍» ហើយត្រូវបានដកចេញពីតំណែងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកាណាដា។ ញត្តិនេះ ត្រូវបានចាប់ផ្តើមបង្កើតឡើងនៅថ្ងៃទី២១ ខែកក្កដា ហើយរំពឹងថានឹងប្រមូលហត្ថលេខារហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា គិតមកទល់នេះ មានពលរដ្ឋចំនួន ១០៤ ០០០ នាក់ហើយបានចុះហត្ថលេខាលើវា។

យ៉ាងណាមិញ ជុំវិញញត្តិនេះចោទប្រកាន់លោក Hoekstra ថាបានធ្វើសេចក្តីថ្លែងការណ៍ដែលប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងកាណាដា និងសហរដ្ឋអាមេរិក និងជ្រៀតជ្រែកម្តងហើយម្តងទៀតក្នុងការពិភាក្សានយោបាយកាណាដាតាមរបៀបដែលមិនស៊ីសង្វាក់គ្នានឹងពិធីការការទូត។

គួរឲ្យដឹងថា ឯកអគ្គរដ្ឋទូត Hoekstra ដែលមកពីបក្សសាធារណរដ្ឋ និងជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី ត្រាំ បាននិយាយការពារគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិករូបនេះជាប់លាប់ជានិច្ច។ លោកបានអះអាងថា គោលនយោបាយទាំងនេះមានគោលបំណងធានាសុវត្ថិភាព និងវិបុលភាពរបស់ប្រជាជនអាមេរិក។

មិនតែប៉ុណ្ណោះ លោក Hoekstra ក៏បានបង្កឱ្យមានការភ្ញាក់ផ្អើលមួយកាលពីខែមិថុនា នៅពេលដែលលោកបាននិយាយថា ការបញ្ចូលប្រទេសកាណាដាទៅជាទឹកដីរបស់សហរដ្ឋអាមេរិកនឹងក្លាយជាប្រធានបទពិភាក្សាដ៏ល្អមួយរវាងនាយករដ្ឋមន្ត្រី លោក Mark Carney និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាពេលខាងមុខផងដែរ៕​