ខណៈពេលដែលទីផ្សារមូលបត្រកម្ពុជាកំពុងសម្លឹងឆ្ពោះទៅរកភាពរីកចម្រើន និងការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានអំពាវនាវយ៉ាងទទូចដល់ស្ថានទូត និងស្ថានកុងស៊ុលកិត្តិយសប្រចាំនៅកម្ពុជា ឱ្យចូលរួមជាដៃគូសហការជាមួយនិយ័តករមូលបត្រកម្ពុជា លើអាទិភាពយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤។
ការអំពាវនាវនេះ ត្រូវ បានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ដំណើរនៃការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា៖ កិច្ចគាំពារវិនិយោគិន, បរិយាបន្ន, នវានុវត្តន៍ និងចីរភាព» សម្រាប់អង្គទូត នៃស្ថានទូតប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះលោក ស៊ូ សុជាតិ បានបញ្ជាក់ថា អាទិភាពយុទ្ធសាស្ត្រទីមួយ គឺការកសាងសមត្ថភាព និងការផ្ទេរចំណេះដឹង ដើម្បីគាំទ្រការលើកកម្ពស់សមត្ថភាពនិយ័តករ ប្រតិបត្តិករ និងអន្តរការីហិរញ្ញវត្ថុ ឱ្យឆ្លើយតបបានទាន់ពេលវេលាចំពោះការវិវត្តឥតឈប់ឈរនៃទីផ្សារ។
ចំណែកអាទិភាពទីពីរ គឺការរួមគ្នាកសាងស្តង់ដារក្នុងតំបន់ តាមរយៈការអភិវឌ្ឍការវិនិយោគឆ្លងដែន និងការធ្វើសុខដុមនីយកម្មក្របខ័ណ្ឌបទប្បញ្ញត្តិនៅក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះ អាទិភាពទីបី គឺការលើកកម្ពស់ការវិនិយោគ និងការកៀរគរទុនប្រកបដោយចីរភាព ដោយលើកទឹកចិត្តសហគមន៍ធុរកិច្ចឱ្យសិក្សាអំពីឱកាសវិនិយោគ និងសម្រួលរំហូរទុនអន្តរជាតិសម្រាប់សញ្ញាបណ្ណបៃតងសាជីវកម្ម និងឧបករណ៍ហិរញ្ញវត្ថុដែលផ្សារភ្ជាប់នឹងបរិស្ថាន សង្គម និងអភិបាលកិច្ច។
ដោយឡែកអាទិភាពទីបួន គឺការលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការធ្វើទំនើបកម្មទីផ្សារ ដោយទាញយកប្រយោជន៍ពីបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ព្រមទាំងបច្ចេកវិទ្យាបទប្បញ្ញត្តិ និងបច្ចេកវិទ្យាត្រួតពិនិត្យ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីមូលបត្រមួយដែលមានប្រសិទ្ធភាព បរិយាបន្ន និងឌីជីថល។
លោក ស៊ូ សុជាតិ សង្កត់ធ្ងន់ថា តាមរយៈនវានវុត្តន៍ ការការពារវិនិយោគិនដ៏រឹងមាំ និងបរិយាបន្នហិរញ្ញវត្ថុ វិស័យមូលបត្រកម្ពុជា បាន និងកំពុងកសាងនូវភាពធន់នៃប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដែលប្រកាន់ខ្ជាប់នូវភាពជាដៃគូសាកល និងការធ្វើសមាហរណកម្មទីផ្សារមូលបត្រកម្ពុជាទៅក្នុងសេដ្ឋកិច្ចពិភពលោក៕





