សម្តេចកិត្តិសង្គហបណ្ឌិត ជំរុញឱ្យសមាគមសហគ្រិនស្ត្រីកម្ពុជា បន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអនុញ្ញាតឱ្យលោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាអាណត្តិទី៥ ដឹកនាំប្រតិភូចំនួន ៣២រូប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅវិមាន៧មករា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រមូលផ្តុំស្ត្រីមកពីគ្រប់រាជធានី-ខេត្ត ឱ្យមកពង្រឹងទំនាក់ទំនង បង្កើតកិត្តិយសសហគ្រិន និងពង្រីកអាជីវកម្មបានជោគជ័យ។

សម្តេចបានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ស្ត្រីសហគ្រិន មិនត្រឹមតែជួយទ្រទ្រង់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសសរស្តម្ភទាំង៥ (WE Academy, WE Share, WE Talk, WE Market Hub និង WE Financial Support Hub) ដែលសមាគមបានដាក់ចេញដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី និងជំរុញការអភិវឌ្ឍសមត្ថភាពឌីជីថល ដោយសម្តេចបានលើកទឹកចិត្តឱ្យសមាគមបន្តបេសកកម្មនេះឱ្យកាន់តែសកម្ម និងផ្សព្វផ្សាយសមិទ្ធផលទាំងនេះឱ្យបានទូលំទូលាយបន្ថែមទៀត៕