អ៉ីរ៉ង់ កំពុងផ្តល់រង្វាន់លុយរាប់ម៉ឺនដុល្លារ ដល់អ្នកអាចចាប់ខ្លួន ឬផ្តាច់ជីវិតទាហានអាមេរិកបានម្នាក់

អន្តរជាតិ

យោធាអ៊ីរ៉ង់ កំពុងផ្តល់រង្វាន់ជាលុយខ្ទង់ ៣០ ០០០ដុល្លារ សម្រាប់ការសម្លាប់ ឬចាប់ខ្លួនទាហានរបស់អាមេរិកបានម្នាក់ ហើយប្រសិនបើជាស្ត្រីជាអ្នកធ្វើរឿងនេះវិញ អាចនឹងទទួលបានរង្វាន់បានដល់ទ្វេដង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧត្តមសេនីយ៍ Amir Hatami មេបញ្ជាការកងទ័ពអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃទី១៦ ខែសីហាថា ៖”អ្នកណាដែលសម្លាប់ ឬចាប់ខ្លួន និងប្រគល់ទាហានអាមេរិកដែលឈ្លានពាន នឹងទទួលបានរង្វាន់ស្មើនឹងទឹកប្រាក់ ៣០ ០០០ដុល្លារភ្លាមៗ។ សម្រាប់ស្ត្រីអ៊ីរ៉ង់ដ៏ក្លាហានវិញ អាចនឹងទទួលបានប្រាក់រង្វាន់ដល់ទ្វេដង សម្រាប់ការចាត់វិធានការបែបនេះ”។

យ៉ាងណាមិញ លោកឧត្តមសេនីយ៍ Hatami បានបញ្ជាក់ជាថ្មីនូវការទាមទាររបស់អ៊ីរ៉ង់ថា សហរដ្ឋអាមេរិកត្រូវតែដកខ្លួនចេញពីមជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន មិនគួរត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងឈូងសមុទ្រពែរ្ស ឈូងសមុទ្រអូម៉ង់ ឬច្រកសមុទ្រ Hormuz ទៀតទេ។

គួរឲ្យដឹងថា រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានណាមួយស្តីពីការដាក់ពង្រាយកងកម្លាំងជើងគោករបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ង់នៅឡើយទេ ចាប់តាំងពីជម្លោះមជ្ឈិមបូព៌ាបានផ្ទុះឡើងនៅចុងខែកុម្ភៈមក លើកលែងតែបេសកកម្មជួយសង្គ្រោះក្រុមយន្តហោះចម្បាំង F-15E ដែលត្រូវបានបាញ់ទម្លាក់កាលពីខែមេសាប៉ុណ្ណោះ។ នៅពេលនោះ សហរដ្ឋអាមេរិកបានចាប់ផ្តើមបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដោយបានចល័តទាហានប្រហែល ២០០ នាក់ និងយន្តហោះចម្បាំងជាង ១៧០ គ្រឿង ដើម្បីជួយសង្គ្រោះអ្នកបើកយន្តហោះ F-15E ពីកងកម្លាំងអ៊ីរ៉ង់។

ជម្រាបជូនថា រហូតមកដល់បច្ចុប្បន្ន យ៉ាងហោចណាស់ទាហានអាមេរិកចំនួន ១៧ នាក់បានស្លាប់នៅក្នុងជម្លោះមជ្ឈិមបូព៌ា ដោយករណីថ្មីៗបំផុតបានកើតឡើងនៅក្នុងខែកក្កដាកន្លងទៅ។ ទាហានអាមេរិកទាំងអស់នោះ ត្រូវបានសម្លាប់នៅខាងក្រៅទឹកដីអ៊ីរ៉ង់ ភាគច្រើននៅក្នុងប្រទេសហ្ស៊កដានី និងអ៊ីរ៉ាក់៕​