អស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon ឥឡូវនេះ មហាសេដ្ឋី Jeff Bezos បានចែករំលែកបទពិសោធថ្មីរបស់លោក ក្នុងការទទួលយកតួនាទីជាអ្នកដឹកនាំកំពូលម្តងទៀត នៅក្នុងក្រុមហ៊ុន AI ទើបចាប់ផ្តើមអាជីវកម្មថ្មី Prometheus ។

ថ្លែងក្នុងបទសម្ភាសជាមួយ CNBC កាលពីខែមិថុនា លោក Bezos បាននិយាយថា ការដឹកនាំក្រុមហ៊ុនជាមួយសហស្ថាបនិក Prometheus លោក Vik Bajaj បានផ្តល់ឱ្យលោកមកនូវអារម្មណ៍រំភើបជាលើកទីពីរ។ លោកបានបន្តទៀតថា ៖”វាជាប្រភេទនៃភាពសប្បាយរីករាយដែលអ្នកទទួលបានបន្ទាប់ពីអ្នកបានឡើងភ្នំដ៏ខ្ពស់មួយ ហើយអ្នកគិតថា វាអស្ចារ្យណាស់ វាសប្បាយណាស់”។
យ៉ាងណាមិញ Prometheus គឺជាក្រុមហ៊ុនបង្កើតគំរូ AI សម្រាប់កម្មវិធីក្នុងពិភពពិត ដូចជាការជួយវិស្វករបង្កើតផលិតផលបានលឿន និងងាយស្រួលជាងមុន។ ហើយនេះគឺជាតួនាទីនាយកប្រតិបត្តិផ្លូវការដំបូងរបស់លោក Bezos គិតចាប់តាំងពីការចុះចេញពីតំណែងជានាយកប្រតិបត្តិ Amazon ក្នុងឆ្នាំ២០២១ មក។
មិនតែប៉ុណ្ណោះ មហាសេដ្ឋីវ័យ ៦២ឆ្នាំរូបនេះ បានបន្ថែមទៀតថា៖”ការងារនេះមានការទាមទារខ្ពស់ណាស់ ប៉ុន្តែខ្ញុំគិតថាវាសក្តិស័មនឹងតម្លៃ។ Prometheus ចំណាយពេលវេលាជាច្រើនរបស់ខ្ញុំ។ ខ្ញុំក៏ចំណាយពេលច្រើនលើ Blue Origin ក៏ដូចជាលើ AI នៅ Amazon ផងដែរ។ ចំណុចរួមនៃរឿងទាំងអស់នេះគឺថាវាពាក់ព័ន្ធនឹង AI ទាំងអស់”។
គួរជម្រាបជូនថា លោក Bezos បានសហបង្កើតក្រុមហ៊ុន Amazon ក្នុងឆ្នាំ១៩៩៤ និងបានបង្កើតក្រុមហ៊ុនអវកាស Blue Origin ក្នុងឆ្នាំ២០០០។ លោកក៏ជាម្ចាស់កាសែត Washington Post ផងដែរ។ យោងតាម Forbes លោក Bezos គឺជាអ្នកមានបំផុតលំដាប់ទីបីរបស់ពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបចំនួន ២៧០ពាន់លានដុល្លារ៕

