សហរដ្ឋអាមេរិក និងចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់វៀតណាម នៅឆ្នាំនេះ

អន្តរជាតិ

យោងតាមការរិយាល័យស្ថិតិទូទៅ (GSO) បានរាយការណ៍ថា ប្រទេសវៀតណាម មានទំហំពាណិជ្ជកម្មចំនួន ១៨៥,២៣ ពាន់លានដុល្លារអាមេរិក ក្នុងរយ:ពេល ២ ត្រីមាសដំបូងនៃឆ្នាំ ២០២២ នេះ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Vietnam Plus ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ក្នុងត្រីមាសទីមួយឆ្នាំនេះ ប្រាក់ចំណូលនាំចេញ នាំចូលសរុប ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ៣៧១,១៧ ពាន់លានដុល្លារ ពោលគឺបានកើនឡើង ១៦,៧% ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងការនាំចូល ទទួលបាន ១៨៥,៩៤ ពាន់លានដុល្លារ កើនឡើង ១៧,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក នៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២ នេះវិញ ប្រាក់ចំណូលនាំចេញបានឈានដល់ ៩៦,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ២១% ពីមួយឆ្នាំទៅមួយឆ្នាំ និង ៨,៧% ធៀបនឹងត្រីមាសមុន។

GSO បានរាយការណ៍ទៀតថា ប្រទេសវៀតណាម បាននាំចូលផលិតផលដែលមានតម្លៃប្រហែល ៣២,៣៧ ពាន់លានដុល្លារ គិតត្រឹមខែមិថុនា ដែលជំរុញឱ្យការនាំចូលសរុប នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ នេះ កើនដល់ប្រហែល ១៨៥,២៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ។

គួរឱ្យដឹងផងដែរថា សហរដ្ឋអាមេរិក នៅតែជាអ្នកផ្គត់ផ្គង់ទំនិញដ៏ធំបំផុត មកកាន់វៀតណាម គិតមកទល់នឹងពេលនេះ ដោយបាននាំចូលផលិតផលមានតម្លៃប្រហែល ៥៥,៩ ពាន់លានដុល្លារ ស្របពេលប្រទេសចិន គឺជាប្រភពនៃការនាំចេញដ៏ធំបំផុតរបស់វៀតណាម ក្នុងតម្លៃ ៦១,៣ ពាន់លានដុល្លារ ។

ទន្ទឹមនឹងនេះ ដើម្បីជំរុញដល់ការនាំចេញនាពេលខាងមុខ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានណែនាំឲ្យអ្នកនាំចេញក្នុងស្រុកទាំងអស់ អនុវត្តវិធានការ ដើម្បីបញ្ចៀសហានិភ័យ ក្នុងអំឡុងពេលធ្វើសកម្មភាពនាំចេញ ទន្ទឹមនឹងការបង្កើនគុណសម្បត្តិពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង ១៥ ដែលវៀតណាមបានចុះហត្ថលេខាជាមួយដៃគូពាណិជ្ជកម្ម ដើម្បីធ្វើចម្រុះកម្មទៅលើទីផ្សារនាំចេញរបស់ខ្លួន ៕