ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន កើនឡើងដល់ជាង ៦៤៣ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំនេះ

អន្តរជាតិ

ទំហំពាណិជ្ជកម្មចិន-អាស៊ាន បានឈានដល់ ៤,៣៤ទ្រីលានយ៉ន់ (៦៤៣,២ពាន់លានដុល្លារ) នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ នេះ ពោលគឺបានកើនឡើង ១៨,២% ធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរដ្ឋបាលគយទូទៅចិន (GACC) បានបង្ហាញផងដែរថា ពាណិជ្ជកម្មលើទំនិញពាក់កណ្តាលសម្រេច រួមទាំងគ្រឿងបន្លាស់ សមាសធាតុ និងធាតុចូលផលិតកម្ម បានកើនឡើង ២៤,៥% ដល់ ២,៨៦ទ្រីលានយ៉ន់ ក្នុងអំឡុងពេលដូចគ្នានេះ ដែលមានចំនួនប្រហែលពីរភាគបីនៃពាណិជ្ជកម្មសរុប។

លោក Lyu Daliang អ្នកនាំពាក្យរបស់ GACC បានសន្មតថាកំណើនស្ថិរភាពនៃពាណិជ្ជកម្មទំនិញពាក់កណ្តាលសម្រេចនេះ គឺដោយសារតែការធ្វើសមាហរណកម្ម និងការតភ្ជាប់កាន់តែស៊ីជម្រៅរវាងខ្សែសង្វាក់ឧស្សាហកម្ម និងតម្លៃរបស់ចិន និងអាស៊ាន។

ទន្ទឹមនឹងនេះ ទិន្នន័យចុងក្រោយបំផុតពីគយ Nanning ក៏បានបង្ហាញផងដែរថា ពាណិជ្ជកម្មរវាងតំបន់ស្វយ័ត Guangxi Zhuang របស់ចិន និងអាស៊ានបានឈានដល់ ២៤៨,២១ទ្រីលានយ៉ន់ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ២,៥% ។

យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍ថា ជុំវិញកំណើននេះ ត្រូវបានជំរុញដោយក្របខ័ណ្ឌពិសេសដែលគាំទ្រដល់ពាណិជ្ជកម្មក្នុងតំបន់ គឺភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានសមាជិកចំនួន ១៥ ប្រទេស ដែលរួមមានប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី នូវែលសេឡង់ និងប្រទេសអាស៊ានចំនួន ១០ ផងដែរ។

គួរជម្រាបជូនថា កិច្ចព្រមព្រៀងដែលបានចូលជាធរមាននៅក្នុងខែមករា ឆ្នាំ២០២២ នេះ ត្រូវបានអនុវត្តយ៉ាងពេញលេញដោយប្រទេសចុះហត្ថលេខាទាំង១៥ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ មក។ ក្រោមច្បាប់ប្រភពដើមរបស់ខ្លួន សម្ភារៈដែលមានប្រភពមកពីប្រទេសសមាជិកមួយ និងប្រើប្រាស់ក្នុងការផលិតនៅក្នុងប្រទេសសមាជិកមួយផ្សេងទៀត ត្រូវបានចាត់ទុកថាជាវត្ថុធាតុដើមនៃប្រទេសសមាជិកក្រោយ៕​