ឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃចំនួន ២០៣លានដុល្លារដើម្បីជួលយន្តហោះគ្មានមនុស្សបើក MQ-9B របស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿង រយៈពេល ២ឆ្នាំកន្លះ សម្រាប់ការពង្រីកសមត្ថភាពឃ្លាំមើលតាមសមុទ្ររបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រសួងការពារជាតិឥណ្ឌា បានប្រកាសនៅថ្ងៃទី១៧ ខែសីហាថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិក General Atomics ដើម្បីជួលយន្តហោះគ្មានមនុស្សបើកប្រភេទ MQ-9B Sea Guardian ចំនួនពីរគ្រឿង សម្រាប់កងទ័ពជើងទឹករបស់ខ្លួនរយៈពេល ៣០ខែ ក្នុងតម្លៃប្រហែល ២០៣លានដុល្លារ។
យោងតាមទីភ្នាក់ងារដដែលបានបង្ហាញឲ្យដឹងទៀតថា កិច្ចព្រមព្រៀងនេះនឹង “បង្កើនយ៉ាងខ្លាំង” ទៅលើសមត្ថភាពឃ្លាំមើលតាមសមុទ្ររបស់កងទ័ពជើងទឹកឥណ្ឌា ដោយជំរុញសមត្ថភាពរបស់ខ្លួន ក្នុងការត្រួតពិនិត្យ និងឆ្លើយតបទៅនឹងការវិវឌ្ឍ នៅទូទាំងតំបន់មហាសមុទ្រឥណ្ឌា។
យោងតាម Reuters បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្នុងចំណោមការប្រកួតប្រជែងរវាងឥណ្ឌា និងចិន សម្រាប់ឥទ្ធិពលយុទ្ធសាស្ត្រ នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា។
គួរជម្រាបជូនថា ប្រទេសឥណ្ឌា ចាប់អារម្មណ៍ជាយូរមកហើយចំពោះយន្តហោះគ្មានមនុស្សបើកធំៗ និងប្រដាប់អាវុធពីសហរដ្ឋអាមេរិក។ នៅឆ្នាំ២០២៤ ទីក្រុងញូវដេលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានតម្លៃប្រហែល ៣,៥ពាន់លានដុល្លារ ដើម្បីទិញយន្តហោះគ្មានមនុស្សបើក MQ-9B ចំនួន ៣១ គ្រឿង៕

