រដ្ឋ សិក្សាគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី និងផ្លូវពីស្ពានកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១

សង្គម​ និង​សេដ្ឋកិច្ច

ស្ថាប័នជំនាញ ដែលដឹកនាំដោយក្រសួងសាធារណការ និងជញ្ជូន បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីរៀបចំសិក្សាស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី និងផ្លូវតភ្ជាប់ពីស្ពានកោះនរា ទៅកាន់ផ្លូវជាតិលេខ១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំពិនិត្យពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោងសិក្សាស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី និងផ្លូវតភ្ជាប់ពីស្ពានកោះនរា ទៅកាន់ផ្លូវជាតិលេខ១ បានធ្វើឡើងកាលទី១៧ ខែសីហា ឆ្នាំ២០២៦ ដឹកនាំដោយលោក ចាន់ តារា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំគម្រោងសិក្សាស្ពាន ក្រុមការងារបច្ចេកទេស និងមានការចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន ZHEJIANG (PRC) Institute of Communication Co., Ltd។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី ដើម្បីក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ដល់ជាយោបល់ និងការកែសម្រួលឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេស។

សូមជម្រាបដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ដែរថា គម្រោងនេះ នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ពលរដ្ឋផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិជារួមផង តាម រយៈការជួយបង្កើនភាពសកម្មនៃវិស័យអចលនទ្រព្យ, វិនិយោគ, ពាណិជ្ជកម្ម, បដិសណ្ឋារកិច្ច, ក៏ដូចជា ការជួយផ្សព្វផ្សាយវប្បធម៌ និង ទេសចរណ៍របស់កម្ពុជា។ ក្រោយសាងសង់រួច ប្រមុខរដ្ឋាភិបាលកម្ពុជា រំពឹងខ្ពស់ថា គម្រោងនេះ នឹងនាំការរីកចម្រើននៅផ្នែកខាងកើតទន្លេមេគង្គទាំងមូល៕ អត្ថបទ៖ ហ្សាលីន