នៅថ្ងៃទី២០ ខែសីហា ប្រទេសចិន បានកាត់ទោសស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande លោក Xu Jiayin ដែលត្រូវបានគេស្គាល់ទូទៅថា Hui Ka Yanឲ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក បន្ទាប់ពីមានការខកខានសងបំណុលដ៏ច្រើនសន្ធឹកសន្ធាប់ កាលពី ៥ឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Evergrande ធ្លាប់ជាមុខមាត់នៃវិស័យអចលនទ្រព្យចិន ដែលកំពុងរីកចម្រើនអស់រយៈពេលជាច្រើនទសវត្ស។ ប៉ុន្តែទោះជាយ៉ាងណាកការទទួលបានឥណទានរបស់ក្រុមហ៊ុននេះ បានថយចុះយ៉ាងខ្លាំង នៅពេលដែលរដ្ឋាភិបាលចិន បានចេញការណែនាំទប់ស្កាត់ការខ្ចីប្រាក់ និងការរំពឹងទុកហួសហេតុ។ នៅចុងបញ្ចប់ ក្រុមហ៊ុនខ្នាតយក្សនេះ បានខកខានសង់បំណុលដ៏ច្រើនលើសលប់របស់ខ្លួន គិតចាប់តាំងពីឆ្នាំ២០២១ មក។
យ៉ាងណាមិញ តុលាការប្រជាជនកម្រិតមធ្យម Shenzhen ក្នុងខេត្ត Guangdong បានសម្រេចដាក់ពិន័យក្រុមហ៊ុន Evergrande និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតរបស់ពួកគេ ចំនួន ១៥,៨២ពាន់លានយ៉ន់ (២,៤ពាន់លានដុល្លារ)។ តុលាការ ក៏បានកាត់ទោសស្ថាបនិក លោក Xu Jiayin ឲ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ ចំពោះបញ្ជីឧក្រិដ្ឋកម្ម រួមទាំង “ការក្លែងបន្លំហិរញ្ញវត្ថុទ្រង់ទ្រាយធំ”។
មិនតែប៉ុណ្ណោះ តុលាការស្ថិតនៅភាគខាងត្បូងរបស់ប្រទេសចិនមួយនេះ បាននិយាយនៅក្នុងសារមួយនៅលើគណនី WeChat របស់ខ្លួនថា លោក Xu Jiayin ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋជាច្រើន និងពិន័យជាទឹកប្រាក់ផងដែរ។ តុលាការបាននិយាយទៀតថា ចន្លោះឆ្នាំ២០១៦ ដល់២០២១ ក្រុមហ៊ុន Evergrande និងលោក Xu ដែលជាថៅកែ បានរំលោភច្បាប់ជាតិដោយចូលរួមក្នុងការក្លែងបន្លំហិរញ្ញវត្ថុទ្រង់ទ្រាយធំជាបន្តបន្ទាប់ និងមធ្យោបាយផ្សេងទៀត ដើម្បីបំប៉ោងទ្រព្យសម្បត្តិ និងលាក់បាំងបំណុល៕

