លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗ ម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មផ្សេងៗ លែងបារម្ភរឿងមានមន្ត្រីខិលខូច ឬស្ថាប័នរដ្ឋកៀបស៊ីទៀតហើយ ដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្តេជ្ញាជួយបំបាត់អំពើពុករលួយ និងគាំទ្រការការពារសុចរិតភាព ជូនដល់វិស័យឯកជននិងធុរកិច្ចជនទាំងអស់នៅកម្ពុជា។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា៖ “បើមានអ្នកកៀបស៊ី បងប្អូនអាជីវករទាំងអស់បើមានមន្ត្រីខិលខូច ឬស្ថាប័នណាមួយកៀបស៊ី សូមអញ្ជើញមកកាន់សភាពាណិជ្ជកម្មតាមរាជធានីខេត្ត ដើម្បីធ្វើការដោះស្រាយជូន អរគុណ”។

ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង ខាងលើនេះ គឺបន្ទាប់ពីនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានជួបពិភាក្សាបឋមនៅស្នាក់ការសភាពាណិជ្ជកម្មកម្ពុជាស្ថិតនៅអគារ Wing Tower លើចំណុចសំខាន់ៗ ជាកង្វល់របស់វិស័យឯកជន ដើម្បីរួមគ្នាចងក្រងជាអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ដែលគ្រោងនឹងចុះហត្ថលេខា នាពេលដ៏ឆាប់ខាងមុខនេះ។
ជំនួប ACU និង CCC បង្ហាញអំពីការពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ និងវិស័យឯកជន ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងលើកកម្ពស់សុចរិតភាព តម្លាភាព និងការគោរពច្បាប់ក្នុងការប្រកបធុរកិច្ចនៅកម្ពុជា។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា៖ «យើងចង់ឱ្យកិច្ចសហប្រតិបត្តិការនេះ មិនមែនបញ្ចប់ត្រឹមការចុះហត្ថលេខាលើ MOU នោះទេ ប៉ុន្តែត្រូវក្លាយជាយន្តការសហការជាក់ស្តែង ដែលជួយវិស័យឯកជន បង្ការ និងកាត់បន្ថយហានិភ័យនៃអំពើពុករលួយ ព្រមទាំងរួមគ្នាពង្រឹងពង្រីកការកសាងវប្បធម៌សុចរិតភាព»។
សូមជម្រាបថា ខ្លឹមសារ MOU គឺផ្តោតលើចំណុចសំខាន់ៗ ៖ ១) វិស័យឯកជនប្តេជ្ញាបដិសេធអំពើសូកប៉ាន់និងអំពើពុករលួយ ២) ACU ប្តេជ្ញាគាំទ្រការការពារសុចរិតភាព និង៣)ការបង្កើតច្រកទំនាក់ទំនងរហ័ស សម្ងាត់ និងមានប្រសិទ្ធភាព។









