នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង បានប្រកាសថា ដំណើរការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ ប្រកបដោយលទ្ធផលគូសបញ្ជាក់ជាវិជ្ជមាន។

យុទ្ធនាការនេះ បានប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅអាគារនៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ តាមរយៈការចុះអនុវត្តផ្ទាល់នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានក្លាយជាក្រសួងទី២២ ដែលបានបញ្ចប់កិច្ចការងារជំរឿនមន្ត្រីជាក់ស្តែង។
ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្នុងដំណើរការរយៈពេល ២ថ្ងៃនេះ មានថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រសួង សរុបប្រមាណ ១,៦០០នាក់ បានអញ្ជើញមកចូលរួមបង្ហាញមុខ និងធ្វើជីវមាត្រ ព្រមទាំងសហការចូលរួមបំពេញភារកិច្ចស្របតាមបែបបទ ព្រមទាំងនីតិវិធីណែនាំរបស់គណៈកម្មការជំរឿន ធ្វើឱ្យកិច្ចដំណើរការទាំងមូលប្រព្រឹត្តទៅយ៉ាងរលូនតាមការគ្រោងទុក។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា ការផ្ទៀងផ្ទាត់ទិន្នន័យមន្ត្រីតាមរយៈការធ្វើជំរឿនជាក់ស្តែងនាពេលនេះ គឺធ្វើឡើងស្របតាមគោលនយោបាយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ។ សកម្មភាពនេះ មានគោលបំណងសំខាន់ ដើម្បីដឹងពីចំនួនមន្ត្រីពិតប្រាកដ មុខងារច្បាស់លាស់ ព្រមទាំងរៀបចំដាក់ពង្រាយមន្ត្រីឱ្យចំគោលដៅនៃរចនាសម្ព័ន្ធថ្មីរបស់ក្រសួង និងបង្កើនប្រសិទ្ធភាពការងារ។








