លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល លោក ជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសមាគម បានចូលរួមកិច្ចពិគ្រោះយោបល់ពហុភាគី លើកទី៤ ស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

កិច្ចពិគ្រោះយោបល់ពហុភាគី ដែលរៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការសហប្រជាជាតិនៅកម្ពុជា មានគោលបំណងពិនិត្យវឌ្ឍនភាព និងលទ្ធផលសម្រេចបាននៃការអនុវត្ត សកម្មភាពអាទិភាពទាំង ២២ ក្រោមក្របខ័ណ្ឌកិច្ចពិគ្រោះយោបល់ពហុភាគី ស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» សំដៅចូលរួមដោះស្រាយបញ្ហាសំខាន់ៗក្នុងវិស័យ ជាពិសេសការពង្រឹងកិច្ចការពារអតិថិជន និងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព។ កិច្ចពិគ្រោះយោបល់នេះក៏មានគោលដៅពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ កំណត់ជំហានបន្ទាប់ និងវិធានការបន្ត ដើម្បីធានាបាននូវការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយធនាគារជាតិនៃកម្ពុជា អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាពអាទិភាពទាំង ២២ ព្រមទាំងពង្រឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ជាពិសេសលើកកម្ពស់កិច្ចការពារអតិថិជន និងពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ បរិយាបន្ន និងភាពធន់៕




