សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ«ស្ងាត់តែមិនស្ងៀម»របស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។

លើកឡើងលើបណ្ដាញសង្គមផ្លូវការ នារសៀលថ្ងៃតី២៦ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ(ស្ងាត់តែមិនស្ងៀម)របស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃក្រោមការជួយរៀបចំរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ាននិងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ»។
សម្ដេចតេជោ បានបន្ថែមថា «ការរក្សាឱ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេស ទាំងជាមួយប្រទេសជិតខាងគឺជាអាទិភាពកំពូលរបស់យើង»។
សូមជម្រាបជូនថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួ នាព្រឹកថ្ងៃទី២៦ ខែតុលានេះដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមធ្វើជាសាក្សីពី លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជាសាក្សី។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាពេលកន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលស្ងាត់តែមិនបាននៅស្ងៀមនោះទេ។ រាជរដ្ឋាភិបាល បានគិតគ្រប់មុខព្រួញទាំងអស់ដើម្បីដោះស្រាយ ទាំងកងទ័ព ជនភៀសសឹក អ្នកវិលត្រឡប់មកពីប្រទេសថៃ និងមានគោលដៅសំខាន់គឺការពារអាយុជីវិត ទ្រព្យសម្បត្តិ ទឹកដី និងការស្តារឡើងវិញនូវបរិស្ថានដែលអាចឱ្យប្រជាជនរស់នៅបានល្អប្រសើរឡើងវិញ៕










