ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេរបស់ចិនចំនួន២ ជួបប្រមុខដឹកនាំកម្ពុជា នៅរដ្ឋធានីប៉េកាំង

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន China Energy International និងក្រុមហ៊ុន China Railway Construction Corporation (CRCC) បានជួបពិភាក្សាមួយប្រមុខដឹកនាំកម្ពុជាសម្តេចធិបតី​ ហ៊ុន ម៉ាណែត  នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជួបពិភាក្សាគ្នានេះ បានធ្វើឡើងអំឡុងពេលបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេស​ចិន ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្រុមហ៊ុន China Energy International គឺជាក្រុមហ៊ុនខ្នាតយក្សឈានមុខគេមួយរបស់ប្រទេសចិនលើវិស័យ វិស្វកម្ម ថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ប្រតិបត្តិការអាជីវកម្មរួមមាន វិស័យថាមពលកកើតឡើងវិញ និងថាមពលបៃតង វារីអគ្គិសនី និងថាមពលដើរដោយធ្យូងថ្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធទូទៅដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងរោងចក្រចម្រោះទឹកស្អាតផងដែរ។

ចំណែកឯក្រុមហ៊ុន CRCC គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដ៏ធំបំផុតមួយរបស់ប្រទេសចិន និងនៅលើពិភពលោក។ ធ្វើប្រតិបត្តិការអាជីវកម្ម គ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដូចជា សាងសង់ផ្លូវរថភ្លើងល្បឿនលឿន, ផ្លូវល្បឿនលឿន, ស្ពាន, ផ្លូវក្រោមដី, ប្រព័ន្ធរថភ្លើងក្រោមដី និងកំពង់ផែ។ ផ្តល់សេវាកម្មប្រឹក្សាយោបល់ និងរចនាប្លង់បច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតគ្រឿងចក្រធុនធ្ងន់សម្រាប់សាងសង់ ដូចជាម៉ាស៊ីនខួងផ្លូវក្រោមដីខ្នាតយក្ស និងបរិក្ខារផ្លូវរថភ្លើង។

សូមជម្រាបដែរថា ក្នុងឱកាសស្នាក់នៅប្រទេសចិន សម្តេចធិប​តី​នាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និង​ជួប​ពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ ក្រៅពីអញ្ជើញថ្លែង​សុន្ទរក​ថា​ ​នៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ហើយនោះ សម្តេចរធិបតីនាយករដ្ឋមន្ត្រី នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនទៀត។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចការងារនេះ ជាការគូស​បញ្ជាក់​​អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជា និងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្ត​ភាព​ដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕ អត្ថបទ៖ហ្សាលីន