កម្ពុជា-ចិន បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

សង្គម​និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញជាអធិបតីពិធីចុះហត្ថលេខាជាមួយគ្នាលើឯកសារចំនួន៣សំខាន់ៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រូបភាព៖ ក្រសួងព័ត៌មាន

ពិធីចុះហត្ថលេខានេះធ្វើឡើងក្នុងកិច្ច​ប្រជុំ​គណៈកម្មការ​សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា របស់រដ្ឋមន្រ្តីការបរទេសចិន រយៈពេល៣ថ្ងៃ។

បន្ទាប់​ពីកិច្ចប្រជុំគណៈកម្មការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៧ បានបញ្ចប់ ភាគីទាំងពីរបានអញ្ជើញ​ជាអធិបតីក្នុង​ពិធី​ចុះហត្ថ​លេខា​លើ​ឯកសារសំខាន់ៗ៣ រួមមាន៖

ទី១, លិខិត​ប្តូរ​សារ​ស្តីពី​ការ​ផ្តល់​ជំនួយ​ពី​ប្រទេសចិន សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២។

២, ពិធីប្រគល់ និងទទួលវិញ្ញាបនបត្រនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា និងពិធីសារ​ទាក់ទង​នឹង​ការ​ធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវ​អនាម័យ​សម្រាប់​ផលិតផល​ចំណី​សុន​​ខ​ពាក់​កណ្តាល​សម្រេច​ធ្វើ​ពីស្បែកគោសម្រាប់នាំចេញពីកម្ពុជាទៅចិន។

ទី៣, ពិធីប្រគល់ និងទទួលសៀវភៅ​កំណត់​ហេតុ​របស់​នគរចេន​ឡាអំពីទឹកដី ប្រពៃណី និងទំនៀមទំលាប់ប្រែសម្រួលជាភាសាខ្មែរ ហើយភាគី​ទាំង​ពីរអបអរនៃបានចុះហត្ថលេខាលើការនាំចេញទីផ្សារផ្លែដូងស្រស់ពីកម្ពុជាទៅចិនផងដែរ។

សូមជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

រូបភាព៖ ក្រសួងព័ត៌មាន
រូបភាព៖ ក្រសួងព័ត៌មាន