សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញសម្លៀកបំពាក់ស្តេចគ្រងរាជ្យ និងអគ្គមហេសី៥ សម័យកាល

សង្គម​ និង​សេដ្ឋកិច្ច

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានរៀបចំតាំងពិព័រណ៍នូវសម្លៀកបំពាក់ឈុតស្តេចគ្រងរាជ្យ និងអគ្គមហេសី ៥សម័យកាល ក្នុងបំណងដើម្បីឱ្យសាធារណជនបានឃើញ និងសិក្សាស្វែងយល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សែន គឹមស៊ុន អ្នកគ្រប់គ្រងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានបញ្ជាក់ថា ឈុតទាំង៥សម័យកាលខាងលើរួមមាន សម័យនគរភ្នំ សម័យចេនឡា សម័យអង្គរ សម័យចតុម្មុខ និងសម័យលង្វែក ហើយក៏មានឈុតអាពាហ៍ពិពាហ៍ព្រះថោងនាងនាគ ផងដែរ។ លោកពន្យល់ថា ឈុតសម្លៀកបំពាក់ទាំងនេះច្នៃឡើងដោយយោងលើរូបចម្លាក់នៅតាមប្រាសាទ និងសារមន្ទីរក្នុង និងក្រៅប្រទេស ដោយឆ្លងការសិក្សាល្អិតល្អន់ និងប្រើពេលវេលាយូរ។ ហើយគោលបំណង នៃការរៀបចំនេះ គឺក្នុងគោលដៅបង្ហាញសាធារណជនបានឃើញដោយផ្ទាល់ នូវសម្លៀកបំពាក់ ទាំងឡាយនោះ ដែលកន្លងមកមានតែនៅលើរូបបដិមាតែប៉ុណ្ណោះ។ យ៉ាងណា មន្រ្តីអាជ្ញាធរជាតិអប្សរារូបនេះពន្យល់ថា ការរៀបចំដំឡើងអាចមានការខុសតិចតួច ដ្បិតថា ការចម្លងពីរូបបដិមាមិនបានដូចទាំងស្រុងឡើយ ព្រោះវាអាស្រ័យលើរូបភាព និងសម្ភារដំឡើង។

នេះជាគម្រោងពិព័រណ៍មិនអចិន្រ្តៃយ៍ដែលមានរយៈពេល៣ខែ រៀបចំឡើងដោយសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺចាប់ពីថ្ងៃទី១៩ ខែសីហា រហូតដល់ចុងខែ វិច្ឆិកា ឆ្នាំ២០២៦។ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលទស្សនា និងសិក្សាស្វែងយល់ពីសម្លៀកបំពាក់ទាំងនេះបាន ដ្បិតថានេះជាគម្រោងដំបូងគេ ដែលខាងសារមន្ទីររៀបចំឡើង ដែលផ្តោតលើឈុតព្រះមហាក្សត្រគ្រងរាជ្យសម្បតិ្ត និងអគ្គមហេសីទាំង៥សម័យកាល។

សូមជម្រាបថា កន្លងមកសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ធ្លាប់បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍មួយចំនួនរួចមកហើយទាក់ទងនឹងសម្លៀកបំពាក់នេះ ដូចជាសម្លៀកបំពាក់ អាវ សំពត់ សូត្របុរាណខ្មែរ ដែលជាសមុច្ច័យទទួលបានពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដែលពួកគេរក្សាទុកតាំងពី សម័យមុនសង្រ្គាម។ល៕ ​ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ