អ្នកស្រី ម៉ីសន សុធារី៖ បើស្រលាញ់សិល្បៈ ទុកសិល្បករឲ្យគាត់យកពេលច្នៃប្រតិដ្ឋទៅ កុំទៅចង់បានឲ្យគាត់រាក់ទាក់យើងជាឯកជន

សង្គម​និង​សេដ្ឋកិច្ច

អតីតអ្នកដឹកនាំស្ថាប័នព័ត៌មានជើងចាស់ និងបច្ចុប្បន្នជាអ្នកនិពន្ធឯករាជដ៏ល្បីឈ្មោះអ្នកស្រី ម៉ីសន សុធារី បានលើកឡើងថា បើស្រឡាញ់សិល្បៈ ទុកឲ្យសិល្បករយកពេលច្នៃប្រតិដ្ឋទៅ កុំទាល់តែសិល្បករមកធ្វើស្របចិត្តយើងទើបស្តាប់ចម្រៀងគាត់នោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រីបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា បើស្រលាញ់សិល្បៈ ទុកសិល្បករឲ្យគាត់យកពេលច្នៃប្រតិដ្ឋទៅ កុំទៅចង់បានឲ្យគាត់រាក់ទាក់យើងជាឯកជន។ បើស្រឡាញ់ស្នាដៃគាត់ក៏គាំទ្រទៅ មិនបាច់ទាមទារថា ទាល់តែគាត់មកធ្វើស្របចិត្តយើងទើបស្តាប់ចម្រៀងគាត់ មើលគាត់សម្តែង ឬអានរឿងរបស់គាត់ទេ។

អ្នកស្រីដែលម្ចាស់ស្នាដៃភាពយន្តភាគរឿង«ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» រូបនេះបានលើកឡើងថា ការងារគាត់ និងការឲ្យមកស្របតាមចិត្តយើង ជារឿងពីរផ្សេងគ្នា ហើយសិល្បករភាគច្រើន គាត់មិនមានពេលសម្រាប់រឿងទីពីរនេះឡើយ គាត់ក៏មានពេលវេលាក្រោមសម្ពាធ មានជីវិតឯកជន មានថ្ងៃសប្បាយនិង មិនសប្បាយដូចយើងដែរ។

ការចេញមកបង្ហោះរបស់អ្នកស្រី ម៉ីសន សុធារី គឺនៅក្រោយពេលប៉ុន្មានថ្ងៃនេះមានក្រុមបណ្ឌិតវិភាគនយោបាយ ប៉ុន្តែបកស្រាយវិភាគលើវិស័យចម្រៀងនៅរាជបណ្ឌិត្យសភា ព្រមទាំងអ្នកលេងបណ្តាញសង្គមមួយចំនួនបាននិយាយបែបចំអកឲ្យសិល្បករដែលចេញបទចម្រៀងនារដូវចូលឆ្នាំខ្មែរឆ្នាំ២០២៤នេះ មិនស្របតាមការចំណងចំណូលចិត្តរបស់ខ្លួន។

សូមជម្រាបជូនថា ពាក្យថា «សិល្បៈ» គឺជាសញ្ញាណដ៏ទូលំទូលាយមួយ សំរាប់សំគាល់ទំរង់នៃការច្នៃប្រឌិតរបស់មនុស្ស ស្តែងចេញតាមរយៈកាយវិការ សូរសំលេង និងឧបករណ៍ផ្សេងៗ ដែលមានបំនងខ្ពស់បំផុត គឺសោភ័ណ និងសុភមង្គលរបស់មនុស្ស។ សិល្បៈចែកចេញជា ៧ ទម្រង់ គឺ សិល្បៈ ស្ថាបត្យកម្ម (សំណង់), សិល្បៈ ចំលាក់ (សូនរូប), សិល្បៈ គំនូរ (វិចិត្រកម្ម), សិល្បៈ តន្ត្រីចម្រៀង (សូរសំលេង), សិល្បៈ របាំ (កាយវិការ), សិល្បៈ អក្សរសិល្ប៍ កំណាព្យ (ពាក្យសំដី) និងសិល្បៈ ខ្សែភាពយន្ត វីដេអូ (រូបភាព)៕