TikTok ព្រមបង់លុយ ៤០០លានដុល្លារ បញ្ចប់រឿងក្តីក្តាំងឯកជនភាពកុមារ នៅសហរដ្ឋអាមេរិក

អន្តរជាតិ

ក្រុមហ៊ុន TikTok និងក្រុមហ៊ុនមេរបស់ខ្លួន​ គឺ ByteDance របស់ប្រទេសចិន កាលពីចុងសប្តាហ៍មុន បានយល់ព្រមលើកិច្ចព្រមព្រៀងសងជំងឺចិត្តចំនួន ៤០០លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់របស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលថា កម្មវិធីវីដេអូខ្លីរបស់ខ្លួន បានរំលោភលើឯកជនភាពអនឡាញរបស់កុមារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងយុត្តិធម៌អាមេរិក បានប្តឹងទៅលើក្រុមហ៊ុន TikTok និង ByteDance ក្នុងឆ្នាំ២០២៤ ពីបទបរាជ័យក្នុងការការពារឯកជនភាពរបស់កុមារ និងបានប្រមូលព័ត៌មានរបស់ពួកគេដោយខុសច្បាប់។

យ៉ាងណាមិញ ចុងចោទក៏ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់ ដែលតម្រូវឱ្យសេវាកម្មអនឡាញដ៏ធំបំផុតមួយរបស់ពិភពលោកមួយនេះ​ត្រូវស្វែងរកការយល់ព្រមពីឪពុកម្តាយជាមុនសិន មុននឹងប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៣ឆ្នាំ។

ទន្ទឹមនឹងនេះ ជំនួយការរដ្ឋអាជ្ញា លោក Stanley Woodward បានថ្លែងថា អាទិភាពរបស់ក្រសួងយុត្តិធម៌ គឺធានាថាកុមារត្រូវបានការពារនៅលើបណ្តាញអនឡាញ ហើយក្រុមហ៊ុនដែលទទួលបានការទុកចិត្តជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ត្រូវតែបំពេញកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន។

គួរឲ្យដឹងផងដែរថា នៅក្រោមការដោះស្រាយនេះ TikTok នឹងត្រូវបង់ប្រាក់ចំនួន ៣០០លានដុល្លារភ្លាមៗ និងបន្ថែម ១០០លានដុល្លារផ្សេងទៀត នៅពេលមានការចេញដីកាលុបចោលកិច្ចព្រមព្រៀងស្ម័គ្រចិត្តពីមុន ដែលធ្លាប់បានធ្វើឡើងជាមួយគណៈកម្មាធិការពាណិជ្ជកម្ម (FTC) ក្នុងឆ្នាំ២០១៩៕​