កម្ពុជា បាននិងកំពុងពន្លឿនគំនូរប្លង់វិស្វកម្មដំបូងសម្រាប់ការរចនាទីលានទុកដាក់សំរាម សំដៅឈានទៅសាងសង់ទីលានទុកដាក់សំរាមដែលមានលក្ខណៈស្ដង់ដាបច្ចេកទេស និងអនាម័យ។នេះបើយោងតាម កិច្ចប្រជុំឆ្លើយតបលើមតិយោបល់របស់ធនាគារពិភពលោក អំពីគំនូរប្លង់វិស្វកម្មដំបូងសម្រាប់ការរចនាទីលានទុកដាក់សំរាម របស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dowha Engineering តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ( Video Conference) កាលពីចុងសប្តាហ៍មុន។

កិច្ចប្រជុំនេះដែរ ដឹកនាំដោយ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ លោកប្រធានគ្រប់គ្រងគម្រោង និងសមាជិកអង្គភាពគ្រប់គ្រងគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងផ្លាស្ទិក លោកស្រី Katelijn Van den Berg អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាន និងក្រុមការងារធនាគារពិភពលោក លោក-លោកស្រី ជាសមាជិកទីប្រឹក្សាគម្រោង និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dowha Engineering and ES International Consultants ផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការរចនាប្លង់វិស្វកម្មបឋម និងពិនិត្យលើបច្ចុប្បន្នភាពរបាយការណ៍ Preliminary Engineering Design (PED)របស់ក្រុមហ៊ុន DOHWA Engineering and ES International Consultants ដើម្បីឆ្លើយតបទៅនឹងមតិយោបល់របស់ធនាគារពិភពលោកដែលបានជួបនិងពិភាក្សាក្នុងបេសកកម្មបច្ចេកទេសគាំទ្រការអនុវត្តគម្រោងលើកទី៦របស់ក្រុមការងារធនាគារពិភពលោក(World Bank) កន្លងមក។

សូមរំលឹកផងដែរថា បេសកកម្មបច្ចេកទេសគាំទ្រការអនុវត្តគម្រោងលើកទី៦របស់ក្រុមការងារធនាគារពិភពលោក(World Bank) បានប្រព្រឹត្តទៅគឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ និងធ្វើការវាយតម្លៃអំពីវឌ្ឍនភាពការងារដែលបានអនុវត្តនាពេលកន្លងមក រួមជាមួយនឹងការផ្ដល់នូវមតិយោបល់លើផែនការសកម្មភាពសំខាន់ៗសម្រាប់ពន្លឿន និងកែលម្អការអនុវត្តគម្រោងដើម្បីឆ្ពោះទៅសម្រេចបាននូវលទ្ធផលកាន់តែល្អប្រសើរ និងទទួលបាននូវការសាងសង់ទីលានទុកដាក់សំរាមដែលមានលក្ខណៈស្ដង់ដាបច្ចេកទេស និងអនាម័យ៕ អត្ថបទ៖ហ្សាលីន

