ក្រសួងការបរទេសដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីរុញច្រានការអនុវត្តគម្រោងមូលនិធិពិសេសមេគង្គ-ឡានឆាង ឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

លោក កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជានាយកគ្រប់គ្រងគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី «ការអនុវត្តគម្រោងនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៦» នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងការបរទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះមានការចូលរួមយ៉ាងសកម្មពីសំណាក់តំណាងក្រសួង និងស្ថាប័នចំនួនប្រាំមួយ ដែលជាភ្នាក់ងារទទួលបន្ទុកអនុវត្តគម្រោងចំនួនប្រាំពីរ ក្រោមការគាំទ្រថវិកាពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ឆ្នាំ២០២៦។

នៅក្នុងអង្គប្រជុំ ភាគីពាក់ព័ន្ធបានរួមគ្នាពិនិត្យយ៉ាងល្អិតល្អន់លើវឌ្ឍនភាពនៃការអនុវត្តគម្រោង ព្រមទាំងបានពិភាក្សាអំពីតម្រូវការគន្លឹះនានាសម្រាប់ការប្រតិបត្តិ និងការគ្រប់គ្រងឱ្យកាន់តែមានភាពរលូន។ អង្គប្រជុំបានសង្កត់ធ្ងន់ជាពិសេសលើនីតិវិធីរួមបច្ចុប្បន្នកម្មសម្រាប់ការអនុវត្តគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ និងការអនុវត្តឱ្យស្របតាមនីតិវិធីលទ្ធកម្មជាធរមាន។ ការពង្រឹងនីតិវិធីទាំងនេះ គឺដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព ប្រសិទ្ធផល សង្គតិភាពនៃការអនុលោមតាមស្តង់ដារ និងគណនេយ្យភាពខ្ពស់របស់ភ្នាក់ងារអនុវត្តគម្រោងនីមួយៗ។

បន្ថែមពីនេះ កិច្ចប្រជុំក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងថ្មីទាំងប្រាំពីរ ដែលរំពឹងថានឹងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជូនដល់សហគមន៍មូលដ្ឋាន និងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើវិស័យអាទិភាពជាច្រើន រួមមាន ការអភិវឌ្ឍជនបទ វិស័យទេសចរណ៍ សុខាភិបាល នវានុវត្តន៍ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការគ្រប់គ្រងធនធានទឹក។

តាមរយៈសកម្មភាព និងគំនិតផ្តួចផ្តើមជាក់ស្តែងទាំងនេះ កម្ពុជានៅតែបន្តបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមគ្នាមួយ ដែលប្រកបដោយសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងមូលនៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕